សភាពការណ៍ទូទៅថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយរលូន
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បណ្ដាគណបក្សនយោបាយ បានធ្វើសកម្មភាព ឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗដែលគណបក្សនយោបាយបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
ក្នុងថ្ងៃទីប្រាំបីនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាក្នុងមណ្ឌលបោះឆ្នោត រៀងៗខ្លួន ដោយភាគចើនតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ រីឯសកម្មភាពហែក្បួនឃោសនាគឺមានតិចតួចនៅតាមឃុំ សង្កាត់មួយចំនួន ។ តាមការកត់សម្គាល់ ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនា ចំនួន ៤៨ ឃុំ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពចំនួន ៣២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៤ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ បានធ្វើ សកម្មភាពចំនួន ១៧ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១៥ ឃុំ សង្កាត់ និងគណបក្សយុវជន កម្ពុជា បានធ្វើសកម្មភាពចំនួន១ឃុំ។ ដោយឡែក នៅខេត្តកោះកុងមានបញ្ហាភ្លៀងធ្លាក់ក្នុង ភូមិសាស្ត្រនៃឃុំ សង្កាត់មួយចំនួន ដែលបានបង្កការលំបាកដល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយនីមួយៗនៅតែបន្ត ធ្វើសកម្មភាពឃោសនារបស់ខ្លួនស្របតាមកម្មវិធីដែលបានកំណត់។
ជារួមសភាពការណ៍ទូទៅ នដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃ ទីប្រាំបីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភាដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី សេចក្ដីណែនាំរបស់ គ.ជ.ប។