ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា

174

 

ព្រះសីហនុ ៖​ព្រឹកថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធ ព្រមទាំងពាំនាំការផ្តាំផ្ញើសួសុខទុក្ខ សេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រគេនដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។

ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរដែនដីបានខិតខំក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងវាយតម្លៃការខិតខំព្យាយាមរបស់មន្ត្រីសុរិយោដីអនុវត្តតួនាទី ភារកិច្ចផ្តល់ផ្លែផ្កា ផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានជាង ៣ម៉ឺនប័ណ្ណ នាឆ្នាំកន្លងមក។
ថ្ងៃនេះជាក្រុមទី២ បានចុះកំណត់តំបន់វិនិច្ឆ័យដីធ្លីនៅភូមិទាំងបី នៃឃុំកំពង់សីលា ស្រុកកំពង់សីលា ហើយនៅមានក្បាលដីរាប់ម៉ឺនទៀត ដែលត្រូវកំណត់ជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅពេលខាងមុខ។
ឯកឧត្តមបានស្នើបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដែលបានកាន់កាប់ស្រច្បាប់ចូលរួមសហការត្រៀមឯកសារ អត្ត សញ្ញាណ និងបោះបង្គោលព្រំដីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមន្ត្រីចុះបំពេញការងារបានលឿនឆាប់រហ័ស។
បន្ទាប់ពីឃុំនេះទៅយើងនឹងបន្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលាបន្តទៀត។យើងត្រូវជំនះឧបសគ្គយ៉ាងច្រើនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង។
ជាមួយនេះដែរឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងគ្រប់ដូស ព្រោះវ៉ាក់សាំងវាមានសុពលភាពតែ ៦ខែ ដើម្បីខ្លួនយើងក្រុមគ្រួសារ និងសង្គមជាតិ។

លោក សៅ បូរីវឌ្ឍន: អភិបាលស្រុកកំពង់សីលាថ្លែងថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលស្រុកសូមស្វាគមន៍ការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ឃុំកំពង់សីលា មានភូមិក្រាំងអាត់ ភូមិចាំស្រី និងភូមិវាល ដែលនៅសងខាងផ្លូវជាតិលេខ៤ សំដៅពង្រឹងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងពង្រឹងគោលនយោបាយដីធ្លី និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ទីផ្សារដីធ្លី ទប់ស្កាត់ទំនាស់ដីធ្លីជាដើម។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានអោយដឹងថាការកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល៖
ទី១.រៀបចំកំណត់តំបន់វិនិច្ឆ័យជូនដំណឹង ផ្សព្វផ្សាយជាតំបន់ការចុះបញ្ជីដីធ្លីដើម្បីរៀបចំឯកសារអត្តសញ្ញាណ និងយកឯកសារមកគណកម្មការរដ្ឋបាលដីធ្លីជាមន្ត្រីជំនាញបំពេញនៃការចុះបញ្ជី។
២.ប្រតិបត្តិការបច្ចេកទេស បោះបង្គោលព្រំឱ្យបានច្បាស់ជាមុន និងមានការឯកភាពពីភាគីជាប់ព្រំដី។
៣.បិទផ្សាយជាសាធារណនូវឯកសារវិនិច្ឆ័យក្បាលដី។
៤.សម្រេចលើឯកសារទិន្នន័យក្បាលដី ដើម្បីរៀបចំរបាយការណ៍ចុះហត្ថលេខាពីឯកឧត្តមអភិបាលខេត្តផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូន។
៥.កំណត់ពេលចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង