ព្រឹត្តិការណ៍ Cambodia Elephant Trail លើកទី២ធ្វើនៅថ្ងៃទី៣កក្កដា
ភ្នំពេញ៖ ព្រឹត្តិការណ៍ Cambodia Elephant Trail លើកទី២នឹងធ្វើនៅថ្ងៃទី៣កក្កដានាឧទ្យានជាតិគីរីរម្យស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ព្រឹត្តការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសង្គមបំផុស ប្រជាពលរដ្ឋចូលរួមលេងកីឡាស្រលាញ់បរិស្ថានបង្ហាញសាមគ្គីភាពបង្ហាញវប្បធម៌អរិយធម៌ខ្មែរយើង។
តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះនឹងធ្វើឲ្យពិ
ភពលោកបានដឹងអំពីទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញដល់ ភ្ញៀវទេសចរជាតិអន្តរជាតិលើពិភពលោកឲ្យមកកម្សាន្ដតាមតំបន់អេកូទេសចរណ៍ធម្មជាតិរមណីយដ្ឋានទេសចរណ៍ធម្មជាតិឲ្យបានកាន់តែច្រើនបន្ថែមទៀតសំដៅលើកកម្ពស់សេដ្ឋកិច្ចសង្គម ឲ្យកាន់តែមានកំណើនខ្ពស់បន្ថែមទៀតផង ។
ពេលនេះមានអត្តពលិកចូលរួមរត់ប្រណាំងប្រមាណជិត២០០នាក់ មកពី១៥ប្រទេសផ្សេងគ្នា លើពិភពលោកហើយដែលបានចុះឈ្មោះចូលរួមរត់។
វិញ្ញាសាចំនួន៤ត្រូវបានដាក់ឲ្យប្រកួតក្នុងនោះមានរត់ប្រណាំង ១២គីឡូម៉ែត្រ (បុរស និងនារី) ដែលមានកីឡាករ កីឡាការិនីចុះឈ្មោះចូលរួម១១៦នាក់(បុរស៧៧នាក់នារី៣៩នាក់)។ ចំណែកឯការរត់ប្រណាំង ៣២គីឡូម៉ែត្រ (បុរស -នារី) មានអ្នកចូលរួម ៧៤នាក់ (បុរស៦៣នាក់ នារី១១នាក់)។
លោក ឃី សុភា ក្រុមការងាររៀបចំកម្មវិធី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងលើកទី២នេះរៀបចំឡើងដោយកូនខ្មែរតែម្ដងគឺខុសពីលើកទី១ឆ្នាំ២០១៩ដែលកាលនោះគឺជនបរទេសជាអ្នករៀបចំ។
ព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះក៏សំដៅចូលរួមលើកកម្ពស់សក្តានុពលវិស័យអត្តពលកម្មកម្ពុជាតាមរយៈការផ្តល់ឱកាសឲ្យអត្តពលិកជាតិបង្កើន សមត្ថភាពនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយអត្តពលិកបរទេសជាពិសេសអ្នកស្រឡាញ់កីឡារត់តាមធម្មជាតិដូចជាឡើងភ្នំជាដើមដែលបង្កនូវភាពសប្បាយរីករាយជាមួយធម្មជាតិ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Cambodia Elephant Trail 2022 គាំទ្រដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តសហការជាមួយរមណីយដ្ឋាន វី គីរីរម្យ ផាញ រីសត ផ្តល់ទីតាំង និងដៃគូឧបត្ថម្ភធំ FWD Insurance ក្នុងនោះក៏មានអ្នកឧបត្ថម្ភ និងដៃគូសហការជាច្រើនទៀតផងដែរ៕