ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង រំលឹកម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ អាករនាំចូលទាំងអស់មកបង់ពន្ធ

130

 

បាត់ដំបង៖ សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង នៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកដល់សាធារណជន ជាពិសេសម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ អាករនាំចូលទាំងអស់ ។

អនុលោមតាមលិខិតលេខ៤៨២ សជណ. ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាល សេចក្តីជូន ដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសេចក្តី ជួនដំណឹងចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា , សាខាគយនិងរដ្ឋាករបាត់ដំបងមានកិត្តិយស សូមធ្វើការរំលឹកដល់សាធារណជន ជាពិសេសម្ចាស់រថយន្តជ្រកក្រោម ផ្លាកលេខផ្សេងៗ និងគ្មានពន្ធ អាករនាំចូលទាំងអស់មេត្តាជ្រាបថា សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង នៅតែបន្តអនុវត្តយុទ្ធនាការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ អាករចំនួន១០%លើរថយន្តចង្កូតស្តាំគ្មានពន្ធ និងអាករនាំចូលទាំងអស់មានស្រាប់ ក្នុងប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាម្ចាស់រថយន្ត គ្មានពន្ធទាំងអស់ដែលបានចូលខ្លួនដោយស្ម័គ្រចិត្តមកបំពេញកាតព្វកិច្ចបង់ពន្ធ អាករនាំចូលនាពេលកន្លងមក ។ ដោយហេតុថារយៈពេលនៃការអនុញ្ញាតិឲ្យបង់ពន្ធ និងអាករនាំចូលដោយស្ម័គ្រចិត្តនឹងត្រូវផុតឱសានវាទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទន្ទឹមនឹងនេះ សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សូមធ្វើការរំលឹក អំពាវនាវ និងលើកទឹកចិត្តដល់ ម្ចាស់រថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេសដែលគ្មានពន្ធ និងអាករទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធ អាករ នាំចូលទៅតាម័កាលបរិច្ឆេទដូចបានកំណត់ខាងលើ ។

មួយវិញទៀត នៅពេលផុតឱសានវាទចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង នឹងចុះបង្ក្រាបនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រក្នុងខេត្តបាត់ដំបង ចំពោះរថយន្តចង្កូតឆ្វេងគ្មានពន្ធ អាករនាំចូលដែលបង្ក្រាបបាននឹងតម្រូវឲ្យបង់ពន្ធ និងអាករ រួមទាំងពិន័យតាមបទប្បញ្ញត្តិ ជាធរមាន ។ ដោយឡែក ចំពោះរថយន្តស្ដាំដែលជាប្រភេទហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់ ។

អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តចង្កូតស្តាំដូចរៀបរាប់ខាងលើទាំងអស់ សូមមេត្តាជ្រាប និងរួសរាន់ឲ្យបាន ទាន់ពេលវេលាតាមការកំណត់ ដើម្បីចូលខ្លួនដោយស្ម័គ្រចិត្តមកបំពេញកាតព្វកិច្ចពន្ធ អាករនាំចូល ប្រកបដោយស្មារតី យោគយល់គ្នាទៅវិញទៅមក និងចាត់ទុកទង្វើនេះជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់វប្បធម៌សារពើពន្ធក្នុង សង្គមកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង