ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើក សិក្ខាសាលាស្តីពី ការរួមចំណែករបស់កម្ពុជា ចំពោះអាស៊ាន

127

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក «សិក្ខាសាលាស្តីពី ការរួមចំណែករបស់កម្ពុជា ចំពោះអាស៊ាន» (Workshop on Cambodia’s Contribution to ASEAN)។

សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅសណ្ឋាគារ Hyatt Regency Hotel រាជធានីភ្នំពេញ។

ខាងក្រោមនេះជាសុន្ទរកថារបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសិក្ខាសាលាស្តីពីការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន ចាប់តាំងពីចូលជាសមាជិកក្នុងឆ្នាំ១៩៩៩ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន រៀបចំដោយក្រសួងការបរទេសកម្ពុជា សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន រួមជាមួយតំណាងឯកអគ្គរដ្ឋ និងរាជទូតនានាប្រចាំកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានាពេលនេះ គឺដើម្បីជំរុញការយល់ដឹងជាសាធារណៈកាន់តែច្រើនអំពីអាស៊ាន រួមទាំងបង្ហាញពីការរួមចំណែករបស់កម្ពុជាចំពោះសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ សំដៅជាប្រយោជន៍សម្រាប់ប្រជាជនដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់។

ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា សិក្ខាសាលាក្រោមប្រធានបទ ការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន កម្ពុជាមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ត្រូវពង្រឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាកណ្តាល ឯកភាព និងសាមគ្គីភាពរបស់អាស៊ាន ដោយសារការពង្រឹងស្មារតី “រួមគ្នា” គឺសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការប្តេជ្ញាចិត្តរបស់អាស៊ាន និងសមត្ថភាព ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ដើម្បីសុខុមាលភាពរបស់ប្រជាជន។

សិក្ខាសាលាស្តីពី “ការចូលរួមចំណែករបស់កម្ពុជាទៅកាន់អាស៊ាន មានគោលបំណង លើកឡើងពីការចូលរួមចំណែករបស់កម្ពុជាទៅអាស៊ាន កាលពីឆ្នាំ១៩៩៩ និង ការពិភាក្សាអំពីមធ្យោបាយឆ្ពោះទៅមុខក្នុងការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ ដោយមានអនុសាសន៍គោលនយោបាយ និងបញ្ហាប្រឈមតំបន់។

នាឱកាសនោះ ដែរ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីផែនការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខនោះ ទី១ កិច្ចសន្ទនាសកលអាស៊ានលើកទី២ ស្តីពីការស្តារឡើងវិញក្រោយកូវីដ១៩ និងទី២ កិច្ចប្រជុំកំពូលស្ត្រីមេដឹកនាំអាស៊ានលើកទី២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព រួមបញ្ចូល និងធន់ជាងមុន៖ ការដោះសោភាពជាសហគ្រិនរបស់ស្ត្រីក្នុងអាស៊ាន” ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់អាស៊ាន៕

 

អត្ថបទដែលជាប់ទាក់ទង