កម្ពុជាយើងបានបោះជំហាន ទៅមុខក្នុងឆន្ទៈបង្ហាញការប្តេជ្ញា ចិត្តរួមគ្នាលុបបំបាត់ អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាព
ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានថ្លែងថា ក្នុងនាមជាសមាជិកភាពជា ដៃគូសកលដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ កម្ពុជាយើងបានបោះជំហានទៅមុខក្នុងឆន្ទៈបង្ហាញការប្តេជ្ញា ចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសក្នុងបណ្តាប្រទេសអាស៊ាន ដែលត្រូវបានជ្រើសរើសសម្រាប់ការអង្កេតសិក្សាស្រាវជ្រាវ ពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្ដល់ភស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឈមនានា។
«នាពេលថ្មីនេះ កម្ពុជាបានសម្រេចលទ្ធផលដ៏ធំៗជាច្រើនសម្រាប់កុមារកម្ពុជា ដែលរួមមានការអនុម័ត និងដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការបង្ការទប់ស្កាត់ ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០២១-២០២៥ គោលនយោយស្តីពីការចិញ្ចឹមកូន តាមរយៈឪពុក ម្តាយធម៌ និងសាច់ញាតិ គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងសេចក្តីព្រាងច្បាប់ស្ដីពី កិច្ចការពារកុមាល ម៉្យាងវិញទៀត យើងដឹងហើយថាកិច្ចការពារកុមារ សុវត្ថិភាពរបស់កុមារ ការអនុវត្តសិទ្ធិកុមារគ្រប់ជ្រុងជ្រោយ គឺត្រូវធ្វើឡើងដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះរឿងកុមារ ជាការងារពហុវិស័យដែលត្រូវបំពេញរួមគ្នា។ ដូច្នេះ សម្រាប់ថវិកាជាតិរបស់យើង បានផ្តល់ជូននៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ»។ នេះជាការលើកឡើង បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុ ន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណធម៌ នៃការរស់នៅដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានឱកាស ក្នុងការអភិវឌ្ឍគ្រប់វិស័យគ្រប់កម្រិត។
បេសកកម្មរួមគ្នាមួយ គឺជំរុញការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារសហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយ បទដ្ឋាន គតិយុត្ត និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល និងបានបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារដើម្បី រស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ៕