សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំឱយក្មេងជំនាន់ក្រោយ មានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវ បានបង្ហោះរូបមួយសន្លឹក ដែលទើបប្រទះឃើញក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារដ៏សំខាន់ទាក់ទងនឹងតម្លៃនៃសន្តិភាពនិងអំពាវនាវដល់ក្មេងជំនាន់ក្រោយ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅករណីនៅអ៊ុយក្រែនជាដើម។
សម្តេចតេជោ បានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា ៖ «រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៍មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។
ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។
សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕»