អភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យ ដើមី្បធ្វើការកាត់ឆ្វៀលដីតំបន់៣ បន្ទាប់ពីអនុវត្តបទបញ្ជាដ៍មុតស្រួច របស់សម្ដេចតេជោ ហ៊ុន សែន
សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២ បានដឹកនាំប្រជុំត្រួតពិនិត្យដើមី្បធ្វើការកាត់ឆ្វៀលដីតំបន់៣ បន្ទាប់ពីអនុវត្តបទបញ្ជាដ៍មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើមី្បសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់និងអាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២។
ក្នុងកិច្ចប្រជុំនេះ ដោយមានសមាសភាពចូលរួមពីអស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការ និង អាជ្ញាធរក្រុង ស្រុក លោក លោកស្រីជាមេឃុំ និង ចៅសង្កាត់ផងដែរ ។
លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានធ្វើការបង្ហាញនូវគំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើមី្បសុំគោលការណ៍កាត់ឆ្វៀលចេញជូនប្រជាពលរដ្ឋ ទៅតាមភាពជាក់ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន ដែលមានក្រុង ស្រុក៦ ជាប់បឹងទន្លេសាប មាន ស្រុកជីក្រែង ,សូទ្រនិគម , ប្រាសាទបាគង ,ក្រុងសៀមរាប , ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដីប៉ះពាល់ចំនួនសរុប ៣ពាន់២៤១ហិកតា និង កាត់ឆ្វៀលកន្លងមកមានទំហំ៨ពាន់៦៨៦ ហិកតា ។ ក្នុងនោះដែរក៏បានធ្វើការបង្ហាញនូវទីតាំង ដែលប្រជាពលរដ្ឋ រស់នៅជាអចិន្ត្រែយ៍ និង អាស្រ័យផលស្ថិតនៅក្នុងដីតំបន់៣ មានឃុំ ពោធិទ្រាយ ស្រុកពួក , សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប , ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នៃខេត្តសៀមរាបរាប ។
ក្នុងនោះដែរអាជ្ញាធរក្រុង ស្រុក និង មេឃុំ ចៅសង្កាត់ ក៏បានលើកផងដែរ អំពីប្រវត្តិសាវតា នៃភូមិសាស្ត្រ ឃុំ សង្កាត់ របស់ ដែលភាគច្រើប្រជាពលរដ្ឋ ស្ថិតក្នុងឃុំសង្កាត់ជាប់នឹងបឹងទន្លេសាប គឺប្រកបការនេសាទត្រីនៅពេលរដូវបើកនេសាទ និង ធ្វើការដាំបន្លែ និង ធ្វើចំការសណ្តែក ចំពោះការធើ្វស្រែប្រាំង គឺភាគច្រើនមកពីបណ្តាឃុំសង្កាត់ផ្សេងៗ ចូលមកកាប់ រានព្រៃលិចទឹកយកដីធ្វើស្រែប្រាំង។ ក្នុងនោះដែរលោកមេឃុំក៏បានលើកផងដែរ អំពីផលវិបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ដោយមានគ្រួសារខ្លះគ្មានដីសង់លំនៅដ្ឋាន ដោយផ្ទះខ្លះរស់នៅ៥គ្រួសារ ក្នុងមួយផ្ទះ ដូចនេះកង្វះដីសម្រាប់បំបែកគ្រួសារ ដោយពួក គាត់មិនហានធ្វើការកាប់រានព្រៃលិចទឹកយកដីសង់លំនៅដ្ឋាន ។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេឃុំ និង ចៅសង្កាត់ ក៏បាន សំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមធ្វើការកាត់ឆ្វៀលជូនពួកគាត់ ឲ្យមានសិទ្ធិបានកាន់កាប់ស្រប ច្បាប់នឹងគេ។
ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និង អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ដែលបានខិតខំប្រឹងប្រែងប្រមូលទិន្នន័យក្រុមគ្រួសារ ផ្ទៃដី ដើមី្បការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងភូមិអាករដែលបងប្អូនរស់នៅជាយូរលុងមកហើយ។ ឯកឧត្តមក៏បានបញ្ជាក់អំពីនិតិវិធីក្នុងការកាត់ឆ្វៀលដី ដែលជាបញ្ហាស្មុកស្មាញមួយ ដែលបងប្អូនមួយចំនួនមានទីលំនៅ លើផៃ (ផ្ទះលើកទឹក) តែពួកគាត់ត្រូវការដីបង្កបង្កើនផល និង មួយចំនួនត្រូវការដីសង់លំនៅដ្ឋាននិងបង្កបង្កើនផល ក្នុងករណីទាំងនេះគឺ ត្រូវទាមទាការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ក្នុងការដោះស្រាយជូនបងប្អូន ។
ឯកឧត្តមបញ្ជាក់ថា ក្នុងករណីដោះស្រាយនេះ គឺមិនបានទៅតាមសំណូម១០០%នោះ ឡើយ ដោយតំបន់មួយចំនួនដែលត្រូវចាំបាច់ត្រូវប្រគល់ជូនពួកគាត់ ហើយកន្លែងខ្លះទៀតដែលបានកាប់ទន្ទ្រានក៏យើងមិនអាចប្រគល់ជូនបានឡើយ ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានឯកភាពចំពោះក្រុមគ្រួសារ បានបំបែកសមាជិកគ្រួសារ និងត្រូវការទីជម្រករស់នៅ ។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខក្រុមការងារ និង ធ្វើកិច្ចប្រជុំដើមី្បកំណត់តំបន់២ និង តំបន់១ ដែលនឹងសម្រេចនៅពេលឆាប់ៗនេះ ដោយតំបន់២និងក្លាយជាតំបន់១ ឬក៏រក្សាទុកជាតំបន់២ អាស្រ័យផលដដែល និងឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិទៀតផង ។
ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ថា តំបន់៣ និងអាចក្លាយជាតំបន់អាស្រ័យផលដោយកន្លែង ឬ តំបន់៣ក៏ក្លាយជាតំបន់១ ទៅតាមការជាក់ ស្តែងរបស់អាជ្ញាធរមូលដ្ឋាន ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាពជាគោលការណ៍សិន ចំពោះអ្នករស់នៅលើទឹក និងប្រគល់ជូនដីអាស្រ័យផល ព្រមទាំងត្រូវមានទីទួលសុវត្ថិភាពទៀតផង ។ ដើមី្បផ្តល់ជូនប្រជាពលរដ្ឋដីតំបន់៣ អាស្រ័យផលនោះ ឯកឧត្តមបានប្រគល់ភារកិច្ចដល់អាជ្ញាធរឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយជូនបងប្អូន និង មានលទ្ធភាពក្នុង ការប្រគល់ជូនប្រជាពលរដ្ឋអាស្រ័យផលទៀតផង។ ឯកឧត្តម សូមឲ្យក្រុមការងារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថែរក្សាដីដែលយើងបានដកហូតហើយនោះឲ្យនៅគត់មត់ កុំឲ្យមានប្រការផ្សេងៗមកជ្រៀតជ្រែក នាំឲ្យបាត់គុណសម្បត្តិដែលយើងបានខិតខំប្រឹងប្រែងធ្វើដោយលំបាកកន្លងមកនេះ៕