រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណធម៌ នៃការរស់នៅដោយចូលរួម យ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងតម្លាភាព សង្គម
ភ្នំពេញ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៣ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ថា កម្ពុជាយើងមិនបានរៀបចំប្រារព្វមីទ្ទិញអបអរសាទរដល់ក្មួយៗ ចៅៗ ជាទីស្រឡាញ់ រាប់អានរយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២។ តែទោះជាយ៉ាងណាក៏ដោយ ក្នុង នាមប្រមុខរាជរដ្ឋាភិបាល ក៏មិនដែលបំភ្លេចថ្ងៃជាប្រវត្តិសាស្រ្តរបស់ក្មួយៗ ចៅៗដែរ។ ឆ្នាំនេះ គឺជាខួបលើកទី ៧៣ ទិវាកុមារអន្តរជាតិ ១ មីថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារ កម្ពុជា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសម្ដែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយ បារម្ភពីសុខទុក្ខរបស់បងប្អូនជនរួមជាតិជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបី ជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឱ្យបានអធិកអធម៌យ៉ាងណាក្តី ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាយើងបាននិងកំពុងអនុវត្តសិទ្ធិចម្បងមួយដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលយើងអាច បង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេស ក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគម អាស៊ាន កម្ពុជាយើងជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ។ ស្របជាមួយគ្នានោះដែរ យើងបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារកុមារក្រីក្រ តាមរយៈការផ្តល់សាច់ប្រាក់ មានអាត្រាខ្ពស់ជាងគេ ដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។ លើសពីនេះទៅទៀត កន្លងមក យើងបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមា រួមមាន លើកកម្ពស់ការអនុវត្តកិច្ចការពារកុមារលើគ្រប់វិស័យ ទាំងតាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ ជំរុញការចូល រួមរបស់កុមារនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍ តាមរយៈការសិក្សាបែបឌីជីថល (Elearning)។ ហើយថ្មីៗ កម្ពុជាយើងក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិសម្រាប់ការអនុវត្ត សិទ្ធិ របស់ក្មួយៗ ចៅៗផងដែរ។ ជាមួយគ្នានោះផងដែរ ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួង ស្ថាប័នដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យកុមារ ប្រកបដោយការទទួលខុសត្រូវ និងរឹងមាំបំផុតក្នុងការជំរុញឱ្យមាននវានុវត្តន៍ និងនិរន្តរភាពរបស់កម្មវិធី ដោយបង្កើតនូវច្បាប់ បទដ្ឋានគតិយុត្តិ ផែនការប្រតិបត្តិ និងជំរុញការអនុត្តយន្តការដែលមានស្រាប់សម្រាប់ ក្មួយៗ ចៅៗ សំដៅឧត្តមប្រយោជន៍របស់ក្មួយៗ ចៅៗគ្រប់ៗគ្នា។ បន្ថែមលើនេះទៀតផងដែរ យើងក៏បាន បំពេញការងារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះនិងងាយរងគ្រោះ ព្រម ទាំងកុមារនៅតាមសហគមន៍ផងដែរ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញ ចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ ត្រូវ ទទួលស្គាល់ថា កុមារគឺជាអ្នកដែលត្រូវបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឍសង្គមកម្ពុជា សូមកុំអស់ សង្ឃឹម ប្រទេសកម្ពុជាយើងកំពុងតែត្រូវការមនុស្សដែលមានធនធាន រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹង បង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។
សូចនាករអភិវឌ្ឍជុំវិញពិភពលោកបានធ្លាក់ចុះទៅរកកម្រិតមួយដូចមុនពេលមានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព(SDGs)។ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ និងត្រូវបានពង្រឹងកាន់តែរឹងមាំថែម ទៀត ដោយឈរលើជំហរសង្កិតភាព គណនេយ្យភាព និងការទទួលខុសត្រូវ។ ក្នុងនាមជាសមាជិកភាពជា ដៃគូសកលដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ កម្ពុជាយើងបានបោះជំហានទៅមុខក្នុងឆន្ទៈបង្ហាញការប្តេជ្ញា ចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ សំដៅធ្វើឱ្យកាន់ត ប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។
អាស្រ័យហេតុនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេស ក្នុងបណ្តាប្រទេសអាស៊ាន ដែលត្រូវបានជ្រើសរើសសម្រាប់ការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សា លើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្ដល់ភស្តុតាងជាក់លាក់ន អំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឈមនានា ហើយ នាពេលថ្មីនេះ កម្ពុជាយើងបានសម្រេចលទ្ធផលដ៏ធំៗជាច្រើនសម្រាប់កុមារកម្ពុជាយើង ដែលរួមមានការ អនុម័ត និងដាក់ឱ្យអនុវត្តផែនការប្រត្តិបត្តិការបង្ការទប់ស្កាត់ ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើ កុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារ កុមារ ឆ្នាំ២០២១-២០២៥ គោលនយោយស្តីពីការចិញ្ចឹមកូនតាមរយៈឪពុកម្តាយធម៌និងសាច់ញាត្តិ គោល ការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារ។ល។ ម៉្យាងវិញទៀត យើងដឹងហើយថាកិច្ចការពារកុមារ សុវត្ថិភាពរបស់កុមារ ការអនុវត្តសិទ្ធិកុមារគ្រប់ជ្រុងជ្រោយ គឺត្រូវធ្វើឡើងដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះរឿងកុមារ ជាការងារពហុវិស័យដែលត្រូវបំពេញរួមគ្នា។ ដូច្នេះសម្រាប់ថវិកាជាតិរបស់យើង បានផ្តល់ជូននៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធពីថ្នាក់ជាតិ ដល់ថ្នាក់ ក្រោមជាតិ។
រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាពនិងគុណធម៌នៃការរស់នៅដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាព សង្គម ព្រមទាំងជំរុញឱ្យមានឱកាសក្នុងការអភិវឌ្ឍគ្រប់វិស័យ គ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្ម រួមគ្នាមួយ គឺជំរុញការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារសហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយ បទដ្ឋាន គតិយុត្ត និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល និងបានបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនិងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវ ការរបស់កុមារ និងការប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បី រស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានដាក់បញ្ចូលនៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ “ការអភិវឌ្ឍធនធានមនុស្ស” ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ដែលមានសូចនាករ លទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ព្រមទាំងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយ និងបទដ្ឋានគតិយុត្តនានាតាមវិស័យដទៃទៀត។
រាជរដ្ឋាភិបាលបានដាក់ចេញនិងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើក កម្ពស់សុខុមាលភាពនិងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា តាមរយៈប្រព័ន្ធគាំពារ សង្គមចំនួន២ រួមមាន៖ ប្រព័ន្ធជំនួយសង្គម គឺផ្ដល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរបន្ទាត់ ភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខ សង្គម ជាការផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និងពិការភាពដល់ ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រព័ន្ធ។ ជាក់ស្ដែង ការដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុកលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្រ្តីនិងកុមារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលដែលមានការរីករាល ដាលនៃជំងឺកូវីដ១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ កម្រិតក្រីក្រប្រភេទ១ និង២ សំដៅជួយសម្រាល ការលំបាកនៅក្នុងស្ថានភាពចំពោះមុខនេះ។ ការអនុវត្តកម្មវិធីនេះ ដោយគិតពីចាប់ផ្តើមកម្មវិធី ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឧបត្ថម្ភគ្រួសារក្រីក្រនិងងាយរងគ្រោះអំឡុងពេលកូវីដ១៩ មានគ្រួសារទទួលផល ចំនួន ៦៧២ ៤៩៣ គ្រួសារ ដែលចំណាយថវិកាសរុប ២ ៧៣១ ៧៦៦ ៦៩០ ០០០ រៀល។ បានឧបត្ថម្ភជូនស្ត្រី មានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ មានអ្នកទទួលផលចំនួន ២៦៤ ២៨៦នាក់ ដែលចំណាយថវិកាសរុប ៧១ ៥៥៣ ១២០ ០០០ រៀល។
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញ ទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញ កុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះហើយក៏ ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍និងបោះបង់ចោលរយៈពេលយូរ និងជាពិសេសក្នុងការរស់នៅក្នុង
ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ ដោយជំរុញ ការអនុវត្តនូវគោលនយោបាយនិងបទដ្ឋាននានា ដែលផ្តោតលើកិច្ចការពារនិងការគោរពសិទ្ធិមូលដ្ឋានរបស់ កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។ ទន្ទឹមនឹងនោះ យន្តការអនុវត្តប្រព័ន្ធកិច្ចការពារ កុមារ ត្រូវការជាចាំបាច់នូវធនធានមនុស្សនិងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ដែលអាចពង្រឹងនិងពង្រីកសមត្ថភាព ក្នុងការគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។
ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំង អស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើន ឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។
សម្តេចតេជោ សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បី ឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ក្នុងស្មារតីនេះ សម្តេចសូមធ្វើការអំពាវនាវដូចតទៅ៖
១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារ ជាពិសេស កុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់ នៃការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងំគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។
២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរ ក្នុងការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុង ការចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។
៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះនិងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។
៤- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ សំដៅ ធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ លើសពី នេះទៀត ដោយត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញចូលតែមួយគ្រប់ការងារដែលផ្តោត លើកុមារ។
៥- ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេស កុមារដែលបាន បាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេស ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីឱ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើន កិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។
៦- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌ និងគុណធម៌លើការផ្តល់សេវាសម្រាប់កុមារ ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃនៃ ធនធានមនុស្សប្រកបដោយសក្តានុពលភាព និងឧត្តមប្រយោជន៍សម្រាប់កុមារ។
៧- បន្តការសហការក្នុងជំហរឯករាជ្យភាព អព្យាក្រិតភាពជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការ
ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ក្នុងទិសដៅអភិឌ្ឍស្របតាមច្បាប់ស្តីពីការបង្កើតអង្គការសមាគន៍ដែលមានជាធរមាន។ លើសពីនេះទៀត អង្គការទាំងអស់ត្រូវបង្ហាញផងដែរនូវតម្លាភាពសម្រាប់ការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងភាពជាដៃគូរពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ព្រមទាំង
៨- សូមលើកទឹកចិត្តដល់កុមារនិងសហគមន៍ ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ ជម្នះរាល់ការលំបាកនានា។
៩- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ
ដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត។
១០- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិងប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។
១១- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារ នៅក្នុងសហគមន៍ ជាពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។
១២- សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិត ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារ និងសហគមន៍ ជាពិសេស កុមារងគ្រោះដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។
១៣-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេស ការជួយ ដល់កុមារគ្រប់វិស័យ។
១៤- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ៕