ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ពោធកំណាត់ផ្លូវលេខ១០៨០ ប្រវែងជាង៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

150

 

ភ្នំពេញ៖ កំណាត់ផ្លូវបេតុងអាម៉េមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញនិងកសិផលផ្សេងៗ ។
ពិធីសម្ពោធកំណាត់ផ្លូវបេតុងអាម៉េមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កំណាត់ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមអមសងខាងផ្លូវថែមទៀតផង ។ កំណាត់ផ្លូវនេះពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោហ៊ុន សែន បានសម្រេចអោយមានការស្ថាបនាឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជម្ងឺកូវីដ-១៩ក៏ដោយ កំណាត់ផ្លូវនេះត្រូវបានសម្តេចតេជោហ៊ុន សែន សម្រេចអោយស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រឹកផ្លូវអោយកាន់តែធំទូលាយជាងមុនទៀតផង។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានណែនាំអោយកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះអោយបានល្អ ពិសេស ពិនិត្យមើលលើការដឹកទំនិញលើសទំងន់ ដូចជាឡានដឹកដី ដឹកខ្សាច់និងដឹកថ្មជាដើម ។លោកបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍លោកមិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹក អោយបានសមស្រប កុំដឹកលើសទំងន់ដែលច្បាប់បានកំណាត់ដែលធ្វើអោយខូចផ្លូវ ប្រើប្រាស់មិនបានយូរអង្វែង។

លោកឃួង ស្រេង នូវបានបញ្ជាក់ទៀតថា៖ ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ សម្តេចតេជោហ៊ុន សែន នូវបានសម្រេចផ្តល់កំណាត់ផ្លូវ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង១៥០០ម៉ែត្រទទឹង១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី០១ មិថុនាឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែតថា ៖ កំណាត់ផ្លូវលេខ១០៨០នេះ លានសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ, សង្កាត់ស្នោ ខណ្ឌកំបូលនិងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង៦៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ចាក់មេតុងតំរាស់២០សង់ទីម៉ែត្រ ដាក់លូ១ម៉ែត្រសងខាងនិងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះពីមុនមានទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ន្តែពេលនេះបានពង្រីកដល់១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរតភ្ជាប់ពីតំបន់លំដ្ឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យនិងវិថីបំរើអោយវិស័យទេចរនិងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។

ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវExpress Way ភ្នំពេញ -ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ជាតំបន់ទេសចរ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹងនិងផ្សារផ្លូវជាតិលេខ៥ ត្រង់ឧត្តុង។

លោកបញ្ជាក់ទៀតថា កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២៕

អត្ថបទដែលជាប់ទាក់ទង