ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធុរជនបារាំងជិត ២០០ ក្រុមហ៊ុន នឹងមកស្វែងរកឱកាស វិនិយោគនៅកម្ពុជា

174

ភ្នំពេញ៖ ក្រុមហ៊ុន និងធុរជនបារាំងជិត២០០ នឹងមកស្វែងរកឱកាសវិនិយោគ និងទីផ្សារនៅកម្ពុជា ដើម្បីជំរុញកំណើននាំចេញនាំចូលទំនិញ និងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ខណៈអ្នកជំនាញលើវិស័យធុរកិច្ចបារាំងត្រៀមរៀបចំ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» លើកដំបូងនៅ ពាក់កណ្តាលខែនេះ។

«វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងត្រូវបានរៀបឡើងជាលើកដំបូង នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា ដើម្បីបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច និងបង្ហាញថា កម្ពុជាជាច្រកដែលមានភាពងាយស្រួលមានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ី និងពិភពលោកផងដែរ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានស្តីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាថ្ងៃទី០១ មិថុនានេះលោក Soreusmey KEBIN ប្រធានសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងវេទិកាធុរកិច្ចនេះ នឹងមានក្រុមហ៊ុនធុរជនបារាំង ដែលមកពីប្រទេសបារាំង និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានប្រមាណជិត២០០មកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មួយចំនួនជាក្រុមហ៊ុនធំៗ និងមួយចំនួនទៀតជាសហគ្រាសខ្នាតតូច និងមធ្យម ដែលពួកគេអាចនឹងចាប់អារម្មណ៍បើកជាងហាងលក់ទំនិញ រោងចក្រ ឬក្រុមហ៊ុនផ្សេងៗ។ ជាមួយគ្នានេះ នឹងមានធុរកិច្ចមួយក្រុមទៀតមកមើលសក្តានុពលទីផ្សារនៅកម្ពុជា ដើម្បីនាំយកទំនិញ និងសេវាមកនៅកម្ពុជាផងដែរ។

លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលផ្នែកពាណិជ្ជកម្មការទេសបារាំងប្រចាំកម្ពុជា បាននិយាយថា ក្នុងចំណោមបណ្តាប្រទេសមកពីទ្វីបអឺរ៉ុប បារាំងគឺឈរនៅលំដាប់លេខ១ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ។ ហើយប្រទេសនេះក៏ធ្លាប់ឈរនៅរៀងលេខទី១ ដែលវិនិយោគនៅកម្ពុជាច្រើនគេ កាលពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ។

លោកបានលើកឡើងបន្តថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហេតុនេះមានវិស័យសក្តានុពលជាច្រើនដែលអ្នកវិនិយោគកំពុងចាប់អារម្មណ៍។ វិស័យទាំងនោះរួមមានវិស័យទេសចរណ៍ វិស័យកសិកម្ម ដែលបារាំងត្រូវពង្រឹង និងចូលរួមអភិវឌ្ឍបន្ថែម។ ជាមួយគ្នា បើទោះបីជា វិស័យវាយណភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ ស្បែកជើង រីកចម្រើនក៏ដោយ ក៏នៅតែជាវិស័យសំខាន់ដែលវិនិយោគគិនបារាំងកំពុងសំឡឹងផងដែរ។

លោកនិយាយបន្តថា«វេទិកាធុរកិច្ចបារាំង-កម្ពុជា គឺជាឱកាសដែលយើងមើលទីផ្សារសក្តានុពល ហើយនៅពេលដែលភាគីបារាំងគាត់អញ្ជើញមកគាត់ស្តាប់បទបង្ហាញយើង ពេលនោះហើយគឺជាពេលដែលយើងអាចរកឃើញនូវទីផ្សារ និងឱកាសធុរកិច្ចផ្សេងទៀតដែលអាចធ្វើរួមគ្នារវាងធុរកិច្ចកម្ពុជា និងបារាំង»។

បច្ចុប្បន្ននេះក្រុមហ៊ុន ដែលជាសមាជិករបស់សភាសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា មានចំនួន១៥០ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា។ តែយ៉ាង លោក Arnaud Darc បានលើកឡើងថា តាមការស្ទង់មតិរបស់លោកកន្លងមក បង្ហាញមានធុរជន ក្រុមហ៊ុនខ្នាតតូច និងមធ្យម ព្រមទាំងអ្នកជំនាញវិជ្ជាជីវៈបារាំងនៅកម្ពុជា មានប្រមាណជាង៥០០។

លោក Philippe Baudry ប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា អ្វីដែលការរំពឹងទុកបន្ទាប់ពីការរៀបចំវេទិកានេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងនឹងកើនឡើងបន្ថែម ព្រោះគោលដៅនៃវេទិកានេះនៃគឺទាក់ទាញធុរជនពីបារាំងមកកម្ពុជា និងបង្កើននូវប្រភេទទំនិញ នាំចេញនាំចូលរវាងប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមទៀត ។

លោកបន្តថា ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅបារាំង គឺផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ហេតុនេះលោកចង់ឱ្យមានផលិតផលចម្រុះផ្សេងៗទៀត នាំចេញទៅទីផ្សារបារាំង។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានតម្លៃជាង ១៧០លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសបារាំងជាង១៣៣លានដុល្លារ កើនឡើង៣៧.៤% និងបារាំងនាំចូលមកកម្ពុជាវិញ ជាង៤៣លានដុល្លារ កើនឡើង៥៩.៣%៕

 

អត្ថបទដែលជាប់ទាក់ទង