ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន ចុះកិច្ចសហប្រតិបត្តិការ វេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩

225

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការវចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩» រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences របស់ចិន នៅទីស្តីការក្រសួងសុខាភិបាល។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។

លោករដ្ឋមន្រ្ដី ម៉ម ប៊ុនហេង ក៏បានសម្តែងនូវការអបអរសាទរចំពោះការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងក្រុមហ៊ុនទាំងពីរ ដែលអាចឱ្យកម្ពុជាមានលទ្ធភាព វេចខ្ចប់វ៉ាក់សាំងដោយអនុលោមទៅតាមនិយាមរបស់ប្រទេសចិន និងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល៣ឆ្នាំ (២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវ ការប្រើប្រាស់ក្នុងប្រទេស។

នៅក្នុងឱកាសនោះ លោកស្រីឧកញ៉ា ជឹង សុភាព ប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសឱសថកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើម និងការគាំទ្ររបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះគម្រោងច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ ព្រមទាំងថ្លែងអំណរគុណចំពោះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានផ្តល់ការសម្របសម្រួល និងគាំទ្រដល់ការជំរុញអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។

លោកស្រីបានបន្តទៀតថា សហគ្រាសឱសថកម្ពុជានឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីអនុវត្តគម្រោងនេះ ជាមួយ ក្រុមហ៊ុន Sinovac ជាដៃគូសហការឱ្យបានជោគជ័យ ដើម្បីចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យដ៏ធំធេង តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយគិតមកទល់ពេលនេះ បានគ្របដណ្តប់ប្រជាជនទូទាំងប្រទេសជាង៩០ភាគរយ ហើយបាននិងកំពុងត្រៀមចាក់ដូសទី៥ ជូនប្រជាពលរដ្ឋនាពេលឆាប់ៗខាងមុខនេះ។ ជាងនេះទៀត គម្រោងនេះ ក៏នឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យផលិតវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺឆ្លងផ្សេងៗនៅកម្ពុជា នាពេលអនាគតផងដែរ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្រ្ដី ម៉ម ប៊ុនហេង បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានរួមកម្លាំងគ្នា ជាមួយសហគ្រាសឱសថកម្ពុជា បង្កើតបានផលិតផលសម្រេចក្នុងស្រុក ដែលនឹងអាចធានា បាននូវនិរន្តរភាព ទំនិញយុទ្ធសាស្ត្រមួយនេះ សម្រាប់ការពារជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់អំពីប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យប្រជាជនកម្ពុជា ចៀសផុតពីភាពធ្ងន់ធ្ងរ និងសេចក្តីស្លាប់បណ្តាលមកពីជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង