អាល្លឺម៉ង់ចុះកិច្ចព្រមព្រៀង ផ្ដល់ហិរញ្ញប្បទាន ៣០លានអឺរ៉ូ ជួយពង្រឹងប្រសិទ្ធភាព ផ្គត់ផ្គង់អគ្គិសនីជនបទនៅកម្ពុជា
ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកនឹងបញ្ចប់អាណត្តិបេសកកម្មការទូត នៅចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោក Christian Berger អំពីការងារសម្រេចបានគួរឲ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៣ឆ្នាំ (ឆ្នាំ២០១៩-ឆ្នាំ២០២២) នៃការបំពេញបេសកម្មការទូតរបស់លោកនៅកម្ពុជា។
ជាក់ស្តែង សមិទ្ធិផលជាច្រើន ក្នុងអាណត្តិរបស់លោក ក្នុងនោះរួមមាន ការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈកម្មវិធីគាំពារសុខភាពសង្គម (Social Health Protection Program) និងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Identification of Poor Households-ID Poor) តាមរយៈទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ)។
លើសពីនេះ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកច្រកប្រភពហិរញ្ញប្បទានថ្មី សម្រាប់កម្ពុជា គឺជាការផ្តល់ឥណទានសម្បទាន តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។
ឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១ កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន៣០លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្ត គម្រោងប្រសិទ្ធភាព ថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់មក នៅឆ្នាំ២០២០ ដែលមានចំនួន៣០លានអឺរ៉ូដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទសម្រាប់កម្ពុជា។
បន្ទាប់ពីជំនួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក Christian Berger បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែល រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានមួយថ្មីទៀត ចំនួន៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II (Energy Efficienty in Rural Power Supply II Project)។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយ បន្ទាប់ពីសិក្សាលម្អិតត្រូវបានធ្វើរួចរាល់។
ការបន្តគាំទ្រផ្ដល់ឥណទានសម្បទានបន្ថែម សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការ ល្អប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឲ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។
ជារួម ក្នុងរយៈពេលប្រមាណ៣០ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេស ជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ៧២០លានដុល្លារអាមេរិក (ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ៧០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥០លានដុល្លារអាមេរិក)។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវមូលវិចារណ៍ថ្លៃថ្លា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ដែលបាននិងបន្ដគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានជូនពរលោកឯកអគ្គរដ្ឋទូត ឲ្យបានទទួលជោគជ័យថ្មីៗ ជាបន្តបន្ទាប់ទៀត នៅក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋអាល្លឺម៉ង់ប្រគល់ជូន៕