ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បង្ហាញលទ្ធផល ជំនុំជម្រះបណ្ដឹងរបស់ឈ្មោះ គង់ រ៉ៃយ៉ា និងសម្រេចលុបចោល ការផាកពិន័យ៥លានរៀល

202

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផល នៃសវនាការជំនុំជម្រះលើបណ្ដឹងរបស់ឈ្មោះ គង់ រ៉ៃយ៉ា ដែលប្ដឹងជំទាស់ការសម្រេចរបស់គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពង់ចាម។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គ.ជ.ប បានលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន៥លានរៀល និងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប ។

សូមរំលឹកថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចពិន័យប្រាក់៥លានរៀលពីលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីរូបលោកធ្វើសកម្មភាពចែកលុយនៅថ្ងៃយុទ្ធនាការ ឃោសនារកសំឡេងកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។

លោក គង់ រ៉ៃយ៉ាង នៅថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺថ្ងៃទី២១ ខែឧសភា បានធ្វើសកម្មភាពចែកលុយក្នុង១នាក់ ១០០ដុល្លារ ដល់សមាជិកគណបក្សភ្លើងទៀនមកពីតាមបណ្តាឃុំនានា ក្នុងស្រុកកងមាស។ សកម្មភាពចែកលុយនេះ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជាឃុំស្តឹង អ្នកស្រី ជិន ដាវី ប្តឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតឃុំស្តៅ៕

អត្ថបទដែលជាប់ទាក់ទង