ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប៖ ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស បានបើកដំណើរការ

49

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន , ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា នៅវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនាឆ្នាំ២០២២ នេះ ការិយាល័យបោះឆ្នោត ទាំង ២៣.៦០២ នៃរាជធានី ខេត្ត ទាំង ២៥ បានបើកដំណើរការស្របតាមការកំណត់ សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតសកលដែលមានការចូលរួម បោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការនៃឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។ អ្នកបោះឆ្នោតត្រូវយកមក ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ) ប្រសិនបើអ្នកបោះឆ្នោតពុំមាន អ.ខ។

អ្នកបោះឆ្នោតត្រូវតម្រូវឱ្យឈរបន្តគ្នាជាជួរនៅខាងមុខការិយាល័យ ដើម្បីចូលទៅបោះឆ្នោត តាមលំដាប់។ ដោយឡែក ព្រះសង្ឃ មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច ជនមាន ពិការភាព និងអ្នកមានជំងឺ ត្រូវបានផ្តល់អាទិភាព។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ៣:០០នាទីរសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅត មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតក្នុងបរិវេណខាងក្នុង ការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធាន ការិយាល័យបោះឆ្នោតអាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០នាទីរសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យ បោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

សូមជម្រាបជូនថា តាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត គឺមានចំនួនសរុប ៩.២០៥.៦៨១ នាក់ ខណៈការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន ២៣.៦០២ ការិយាល័យ៕

អត្ថបទដែលជាប់ទាក់ទង