បុរសម្នាក់កាច់សោ ក ម៉ូតូ យ៉ាងសកម្ម ចំនួន៩លើក ក្នុងក្រុងសៀមរាប ត្រូវបង្រ្កាប
ក្រុងសៀមរាប : នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប បានឲ្យដឹងថា មុខសញ្ញាកាច់សោ ក ម៉ូតូ យ៉ាងសកម្ម ក្នុងក្រុងសៀមរាប ត្រូវបាន នគរបាល ក្រុងសៀមរាប ធ្វើការឃាត់ខ្លួនបានហើយ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៩ខែកញ្ញា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង២៤:៣០នាទីយប់ នៅចំណុច ភូមិវិហារចិនសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានករណី ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចកាច់សោកករម៉ូតូ ចំនួន១គ្រឿង ម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅ ពាក់ស្លាកព្រះវិហារ 1B-1301 លេខតួ/លេខម៉ាស៊ីន ៩២២២៣៧១ របស់ជនរងគ្រោះ ឈ្មោះ ឃី រតនៈ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលខាងលើ។
បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត ដោយមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការរដ្ឋាននគរបាលក្រុងសៀមរាប បានចុះដល់កន្លែងកើតហេតុ និងបើកការស៊ើបអង្កេតស្រាវជ្រាវ បន្ទាប់ពីបានពិនិត្យមើលកាមរ៉ាសុវត្តិភាព កម្លាំងជំនាញ យើងបានធ្វើការការកំណត់អត្តសញ្ញាណជនសង្ស័យ។
រហូតដល់វេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដោយមានការឯកភាពពី លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការរដ្ឋាននគរបាលក្រុងសៀមរាប ក៏ដូចជាលោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌសហការជាមួយ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ បានសម្រេចនាំខ្លួន ជនសង្ស័យចំនួនពីរនាក់មកធ្វើការសាកសួរ តាមនិតិវិធីជំនាញ។
ជនសង្ស័យទី១ ឈ្មោះ វត្តសារ៉េត ប្រុសអាយុ ៣០ ឆ្នាំមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ មានស្រុកកំណើតនៅភូមិព្រែក ឃុំស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ជនសង្ស័យទី២ ឈ្មោះលី សីហភេទស្រី អាយុ ២១ ឆ្នាំមានទីកន្លែងកំណើតនៅ ភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាប្រពន្ធរបស់ជនសង្ស័យ (បច្ចុបន្បបញ្ចូនទៅមណ្ឌលអប់រំផ្តាច់សារធាតុញៀន)។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោករ លួចយកម៉ូតូ ខាងលើពិតប្រាកដមែន ហើយកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពកាច់សោ កម៉ូតូ នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ចំនួន ៩ លើកផងដែរ ។ វត្ថុតាងដកហូតបានរួមមាន ម៉ូតូចំនួន១គ្រឿង(របស់ជនរងគ្រោះ) ផ្លែទុណឺវីស ឆាតមុខ សម្រាប់ កាច់សោកម៉ូតូចំនួន២ គ្រាប់ សៀវភៅ នឹងបានធានាម៉ូតូ ចំនួន ៩ ក្បាល ស្លាកលេខម៉ូតូចំនួន ២សន្លឹក រួមទាំងឧបករណ៍(កូនសោ) សម្រាប់ដោះគ្រឿងម៉ូតូមួយចំនួនទៀត។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យត្រូវបាននគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕