លោកឡុង ឌីម៉ង់ អញ្ជើញទៅ បោះឆ្នោតនៅមណ្ឌល អនុវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ខេត្តព្រះសីហនុ
ព្រះសីហនុ៖ ដំណើរកានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២នេះបានប្រព្រឹត្តទៅ នៅទូទាំងប្រទេស ដោយធ្វើឡើងព្រមៗគ្នានៅតាមការិយាល័យដែលបានរៀបចំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៥មិថុនានេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញទៅដល់ការរិយាល័យបោះឆ្នោតដែលមានបញ្ជីឈ្មោះរបស់ខ្លួនរៀងៗខ្លួនយ៉ាងច្រើនកុះករដែលបង្ហាញឲ្យឃើញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការប្រើសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្នុងការជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដែលជាមន្ត្រីមូលដ្ឋានដើម្បីបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏មូលដ្ឋានក្នុងរយះពេល៥ឆ្នាំទៅមុខទៀតឲ្យកាន់តែរីកចំរើន។
ដោយឡែកនាព្រឹកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលៈអនុវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ការិយាល័យលេខ: ០២៩៧ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន៤,៩០៤,៨៣២នាក់៕