ដាក់គោលដៅរឹត បន្តឹងច្បាប់ចរាចរណ៍ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន៨កញ្ចប់ធំនិងតូច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកំលាំងនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យទាំង២នាក់នេះ ជិះម៉ូតូឆ្លងកាត់គោលដៅរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយនៅពេលប៉ូលីសហៅអោយឈប់និងត្រួតពិនិត្យឃើញមានថ្នាំញៀនយ៉ាងសន្ធឹកសន្ធាប់នៅជាប់ខ្លួន ទើបប៉ូលីសធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង២០នាទី នៅចំណុចលើផ្លូវ លេខ២១៧ កែង ផ្លូវលេខ២២៣ ក្រុម ទី២១ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០នាទី កំលាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួល គោក រាជធានីភ្នំពេញ បានចុះរឹត បន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចលើផ្លូវ លេខ២១៧ កែង ផ្លូវលេខ២២៣ ក្រុម ទី២១ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ១-ឈ្មោះ យិន វណ្ណារ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានស្រុកកំណើត ឃុំតុង រ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២-ឈ្មោះ ឈិត ទេវ ហៅ ទេវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានស្រុកកំណើត ឃុំកោះរកា ស្រុកពាមរ ខេត្តព្រៃវែង ។
វត្ថុតាងដែលបានចាប់យកមាន៖ កាបូបដៃពណ៌ខៀវចំនួន០១ ក្នុងនោះមាន៖ក្រាមពណ៌សថ្លាចំនួន០៨ ក្នុងនោះធំ០២កញ្ចប់ នឹងតូច០៦កញ្ចប (សង្ស័យជាគ្រឿងញៀន), ទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ខ្មៅ , ខ្សែកលោហ:ធាតុ ពណ៌លឿងស្លេកមួយខ្សែមានរូប បន្តោងព្រះពណ៌ស និង ម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ស លាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AB-9828 ដែលមានលេខតួ: 1100007 និងលេខម៉ាស៊ីន: 1100028 (ចាប់យកពីឈ្មោះ យិន វណ្ណារ័ត្ន ) ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕