ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងជនរួមជាតិទូទាំងប្រទេស ដែលបន្តគាំទ្រ និងផ្ដល់ជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា

220

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ផ្ញើលិខិតសរសើរ និងថ្លែងអំណរគុណ ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងជាពិសេសការដណ្ដើមបានជោគជ័យជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាម ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសការដណ្ដើមបានជោគជ័យជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា ។

សម្ដេចក្រឡាហោម ស ខេង , សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្ស គ្រប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ ដែលបានចូលរួមយ៉ាង ផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្ស ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅ ទូទាំងប្រទេសបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋាន ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ បន្តទៀត។ ជ័យជម្នះដ៏គួរឲ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ដែលបានលះបង់ពេលវេលា និងធនធាន ចូលរួមគាំទ្រដល់បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និង គ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ជាថ្មីម្ដងទៀត សម្តេចសូមយកឱកាសដ៏ថ្លៃថ្លានេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរ ជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជន គណបក្សទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរួមចំណែក កសាងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ។

សម្តេចក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ដែល បន្តគាំទ្រ និងផ្ដល់ជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាគោរពតាមបទបញ្ជា និងនីតិវិធីនានាជាធរមាន រួមចំណែកធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង