លិខិតអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា
ភ្នំពេញ ៖ លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Narendra Modi នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។
បើតាមលិខិតអបអរសាទរ , សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះ ស្ម័គ្របំផុត និងជូនពរសព្វសាធុការជូនចំពោះ ឯកឧត្ដម និងតាមរយៈឯកឧត្តម ជូនចំពោះរដ្ឋាភិបាល និង ប្រជាជនឥណ្ឌា ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។
សម្តេចតេជោ បានលើកឡើងដោយមានសេចក្តីសោមនស្សរីករាយដោយបានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥២ កម្ពុជា និងឥណ្ឌាបានអភិវឌ្ឍភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅកម្រិត ទ្វេភាគី តំបន់ និងពហុភាគី។ ប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍រួម គិតចាប់ពីផ្នែកនយោបាយ សន្តិសុខ រហូតដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ខ្ញុំ ទន្ទឹងរង់ចាំការធ្វើសកម្មភាពរួមគ្នារយៈពេលមួយឆ្នាំពេញ ដើម្បីរំលឹកដល់ទំនាក់ទំនងការទូតរបស់យើង ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដែលខ្ញុំយល់ឃើញថាគឺជាសក្ខីភាពនៃមិត្តភាពដ៏ជ្រាលជ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ។
បើយើងក្រឡេកទៅមើលពីសមិទ្ធផលទ្វេភាគីរបស់យើងក្នុងរយៈពេល ៧០ ឆ្នាំ ចុងក្រោយនេះ ខ្ញុំមានទំនុក ចិត្តថា យើងនឹងអាចស្វែងរកឱកាសថ្មីៗជាច្រើនទៀត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលនាំមកនូវ ប្រយោជន៍រួមដល់ប្រជាជនរបស់យើង។ ខ្ញុំក៏សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្ញុំក្នុងការធ្វើការ យ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏សកម្មរបស់យើងឲ្យឈានទៅដល់ កម្រិតថ្មីមួយ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិរបស់យើង ក្នុងតំបន់ និង ពិភពលោកទាំងមូល។
ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេស សមាជិកអាស៊ានផ្សេងទៀត និងឥណ្ឌា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាបន្ថែមទៀត។ ស្របពេលនេះដែរ ខ្ញុំត្រៀមស្វាគមន៍យ៉ាងកក់ក្ដៅដល់ការធ្វើដំណើររបស់ ឯកឧត្តម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅខែតុលា ឆ្នាំ២០២២។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ៕