ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយ ស្តីពីគោលការណ៍ណែនាំ ស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយស្តីពីគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់។
ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងទីក្រុងក្នុងប្រទេសកម្ពុជាទាមទារឱ្យមានការរៀបចំនិងអនុវត្តស្តង់ដារផ្លូវការទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង ៥៧ ០០០ ត្រូវបានចេញឱ្យទៅការដ្ឋានសំណង់នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់ការងារជាមធ្យមប្រមាណជា ១៥០ ០០០នាក់ ក្នុងមួយថ្ងៃ សម្រាប់ការវិនិយោគសរុបដែលមានតម្លៃជាង ៦៦ពាន់លានដុល្លារអាមេរិក។
នៅថ្ងៃទី៧ខែមិថុនានេះ លោក Robin Flint លេខាទីមួយ បានអញ្ជើញចូលរួមជាគណៈអធីបតី ជាមួយ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចាប់ផ្តើមសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធស្តីពីគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់។
គោលការណ៍ណែនាំ និងសិក្ខាសាលានេះ នឹងជួយបុគ្គលិកធ្វើការក្នុងវិស័យសំណង់ ឱ្យមានសុវត្ថិភាព និងសុខភាពល្អទាំងនៅក្នុង និងជុំវិញការដ្ឋានសំណង់ ដែលអាចសង្គ្រោះជីវិតពួកគេបាន។
នៅក្នុងកម្មវិធីនេះមានសិក្ខាកាមចូលរួមចំនួន ២០០ នាក់មកពីក្រសួង និងមន្ទីរខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសំណង់មកពីខេត្តចំនួនប្រាំមួយ។ សិក្ខាសាលាផ្សព្វផ្សាយស្រដៀងគ្នានេះ គ្រោងធ្វើនៅខេត្តព្រះសីហនុ សៀមរាប និងសែនមនោរម្យ។
តាមរយៈការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ដែលមានទឹកប្រាក់សរុបចំនួន ៥១,៧ លានដុល្លារអូស្រ្តាលី កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់របស់ក្រសួងដើម្បីរៀបចំគោលការណ៍ណែនាំសុខភាព និងសុវត្ថិភាពនៅការដ្ឋានសាងសង់ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ នៅក្នុងពិធីដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាពឯកអគ្គរាជទូតអូស្ត្រាលី ឯកឧត្តម Kang និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕