រដ្ឋមន្ត្រីក្រសួងសាធារណការ ថ្លែងពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈ សំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបីដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប និង បានសង្កត់ធ្ងន់ថា៖ ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើ ឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយមិត្ត ចិន ដើម្បីធ្វើផែនការមេសម្រាប់ខេត្តព្រះសីហនុទាំងមូលដើម្បីប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ច ពិសេស ហើយផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុទាំងមូល ស្របតាមសុភាសិតចិនលើកឡើងថា៖ “ចង់មានបាន ត្រូវសង់ផ្លូវ” ឯចំណែកសុភាសិតខ្មែរថា៖ “មានផ្លូវ មានក្តីសង្ឃឹម” និងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់អាទិភាពបួនយ៉ាងគឺ៖ ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើន ត្រូវ តែមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ទុនវិនិយោគ យ៉ាងច្រើនលើការស្ដារ ការពង្រីក និងពង្រឹងគុណភាពផ្លូវនៅទូទាំងប្រទេសកម្ពុជា។
ទាក់ទងនឹងគុណភាពផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានពិនិត្យឃើញថា៖ ផ្លូវនេះមានគុណភាពល្អ ទាំងការរៀបចំកសាង និងការរៀបចំសុវត្ថិភាព ហើយបន្ថែមពីលើនេះក្រសួងបានជួលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងវិស្វករឯករាជ្យឱ្យមកពិនិត្យលើគុណភាពថែមទៀត រួមជាមួយការប្រើបច្ចេកវិទ្យាថ្មី សម្ភារៈទំនើប បទពិសោធន៍ និងអ្នកជំនាញគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនេះឱ្យមានគុណភាពរឹងមាំតាមស្តង់ដារបច្ចេកទេស។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ការសាងសង់ផ្លូវល្បឿនលឿននេះបានបង្កើតការងារធ្វើជូន បុគ្គលិក កម្មករកម្មការិនីប្រមាណជាងបីពាន់នាក់ស្មើនឹង៧៨% ជាកម្មករកម្ពុជា ហើយឆ្លៀតក្នុងឱកាស នេះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មករកម្មការនី អ្នកសាងសង់ទាំង អស់ ដែលបានខិតខំប្រឹងប្រែងកសាងផ្លូវនេះឱ្យមានគុណភាពល្អ និងទាន់ពេលវេលា តាមផែនការដែល បានគ្រោងទុក ជាពិសេសបានថ្លែងអំណរគុណដល់វិស្វករ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងសាងសង់ផ្លូវនេះប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សំណូមពរឱ្យកម្មករកម្ពុជាស្រូបយកចំណេះដឹង និងបទ ពិសោធន៍ក្នុងការសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីយកទៅប្រើប្រាស់ពេលសាងសង់ផ្លូវផ្សេងៗទៀត និងបានថ្លែងអំណរគុណដល់មិត្តចិនដែលបានផ្ទេរចំណេះវិជ្ជាអំពីការសាងសង់ទៅដល់បុគ្គលិក កម្មករ កម្មការនីកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរអំពីមិត្តភាពដែកថែបកម្ពុជា-ចិន ដែលបានបន្តគ្រប់ជំនាន់ ចាប់តាំងពីសម័យសម្ដេចឪ ដែលតែងតែមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមិត្តចិន និងបន្តមកសម័យតេជោក៏នៅបន្តទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំចិនផងដែរ និងឯកឧត្តមទេសរដ្ឋមន្ត្រីបានជំនឿយ៉ាងមុតមាំថា៖ ក្នុងពេលអនាគតទំនាក់ទំនងដែកថែបនេះនឹងនៅបន្តទៅមុខទៀត រវាងកម្ពុជានិងចិន ដើម្បីរួបរួមគ្នាកសាងសហគមន៍ដែលមានវាសនាតែមួយ ធ្វើឱ្យសេដ្ឋកិច្ចជាតិកម្ពុជា ក៏ដូចជាមិត្តចិន ឬសេដ្ឋកិច្ចក្នុងតំបន់ ឬសេដ្ឋកិច្ចពិភពលោកមានការរីកចម្រើនថែមទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវទុកជាមុនសុំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដើម្បីធានាសុវត្ថិភាព ចំណាយតិច ចំណេញពេលវេលា និងបានស្នើឱ្យក្រុមហ៊ុនសាងសង់អនុញ្ញាតរយៈ ពេលមួយខែឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយមិនបាច់បង់ថ្លៃ ដើម្បីឱ្យបងប្អូនប្រជា ពលរដ្ឋមានឱកាសសាកល្បងប្រើប្រាស់ផ្លូវនេះ និងបានអំពាវនាវសុំឱ្យពលរដ្ឋចិនមកលេងកម្ពុជា ដើម្បី ស្វែងយល់ពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរអំពីគម្រោងប្រាំឆ្នាំរំកិលដែលបានដាក់ ស្នើទៅមិត្តចិន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖
គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់ កម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដ៏ធំមួយទៀតគឺគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់ បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។
ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការ ស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទាន ការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ ដើម្បីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមានការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងបានបង្ហាញ ជំនឿយ៉ាងមុតមាំថា៖ មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការប្រាក់ទាប ដើម្បី អនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបច្ចុប្បន្នភាពអំពី គម្រោងសិក្សារបស់មិត្តចិនក្នុងការផ្ដល់ហិរញ្ញប្បទានលើការកសាងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្ត ព្រះសីហនុ ដែលនឹងក្លាយជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ ដើម្បីគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងបញ្ចៀសការហូរចូលទឹកកខ្វក់ទៅក្នុងសមុទ្ររបស់កម្ពុជា តាមសំណើដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕