មេខ្លោងជួញដូរគ្រឿងញៀនម្នាក់និងវត្ថុតាងថ្នាំទម្ងន់ជាកន្លះគីឡូ ត្រូវបញ្ជូនទៅតុលាការ
កំពង់ស្ពឺ ៖ មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន រួមសហការជាមួយកម្លាំងនគរបាលខេត្ដធ្វើការបង្រ្កាបបាន រួមជាមួយវត្ថុតាងថ្នាំទម្ងន់ ៥១១,៩ក្រាម ហើយនៅថ្ងៃទី២០ខែកញ្ញានេះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះសហការធ្វើការស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញា ជាមេខ្លោងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង កាលពីវេលាម៉ោង ១៦ និង ៣០នាទី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមការបញ្ជាក់ពីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលចុះដឹកនាំកិច្ចប្រតិបត្ដិការផ្ទាល់បានឲ្យដឹងថា មុខសញ្ញាសង្ស័យ ជាអ្នកជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនខាងលើនេះ មានឈ្មោះ ឡោ សុខហួរ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម ដែលធ្វើសកម្មភាពចល័ត ពីតំបន់មួយទៅចែកចាយបន្ដទៀត។ ក្នុងប្រតិបត្តិការសមត្ថកិច្ច រកឃើញនិងដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១ កញ្ចប់ធំ ទម្ងន់ ៥១១,៩ ក្រាម ក្នុងនោះ មានជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១ ម៉ូតូ ១ គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង រួមជាមួយនឹងឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួនផ្សេងទៀត។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង បានប្រគល់ជូនជំនាញ ប្រឆាំងគ្រឿងញៀនខេត្ដ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕