ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០១៨នេះ គឺកម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ លើសពីការគ្រោងទុក

126


ភ្នំពេញ៖ ភាគីកម្ពុជា និងក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ មានការយល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨នេះ គឺកម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ លើសពីការគ្រោងទុក និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Markus Rodlauer, អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក (APD) និងលោក Jarkko Turunen ជាប្រធានបេសកកម្ម រួមជាមួយ ប្រតិភូចូលជួបសម្ដែងការគួរសម ក្នុងពេលចុះបំពេញបេសកកម្មនៅកម្ពុជា , នារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក Markus Rodlauer បានសម្ដែងការកោតសរសើរខ្ពស់ ដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចំពោះការវាយតម្លៃពីស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា, ភាគីកម្ពុជា និងក្រុមបេសកកម្ម មានការយល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨នេះ គឺកម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ លើសពីការគ្រោងទុក។

ជាមួយគ្នានេះ អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក (APD) រូបនេះ ក៏សម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងបន្តដឹកនាំ និងសម្រេចបាននូវជោគជ័យ និងសមិទ្ធផលសំខាន់ៗថ្មី បន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ជូនប្រជាពលរដ្ឋកម្ពុជា។

ជាកិច្ចឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងការចុះមកធ្វើការ វាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិស ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង