ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
(ហ្សឺណែវ,ស្វីស)៖ កាលព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference – MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពី បញ្ហាមួយចំនួនដែលធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់ជូនប្រទេស LDCs ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសនាពេលកន្លងមក។
ឯកឧត្តមបានបន្តថា នៅក្នុងកិច្ចប្រជុំ MC12 និងឱកាសបន្តបន្ទាប់ទៀត ប្រទេស LDCs ទាំងអស់ត្រូវតែបន្តទាមទារ ជំនួយកសាងសមត្ថភាព និងបច្ចេកទេសតាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់ជូនដល់ប្រទេស LDCs ដើម្បីមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះអាចទាញយកប្រយោជន៍ឱ្យបានពេញលេញពីប្រព័ន្ធអនុគ្រោះ និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំទូលំទូលាយ ដែលប្រទេស LDCs ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្តថ្លែងថា ប្រទេស LDCs ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែកឱ្យក្លាយជាគោលការណ៍ចម្បងនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក។
ជាកិច្ចបញ្ចប់ ឯកឧត្តមបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Group) នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការ WTO ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេស LDCs៕