ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Campbell
ភ្នំពេញ ៖ លោកជំទាវ Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី Australian Government Department of Foreign Affairs and Trade បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ប្រាក់ សុខុន – Prak Sokhonn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជា។
លោកជំទាវ Campbell និង ឯកឧត្តម ប្រាក់ សុខុន បានពិភាក្សាអំពី ការគាំទ្ររបស់អូស្ត្រាលីដល់កម្ពុជាដែលជាប្រធានអាស៊ាន និងទំនាក់ទំនងទ្វេភាគីរបស់យើង រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កម្មវិធីជំនួយអភិវឌ្ឍន៍ ការគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺកូវីដរបស់កម្ពុជា ព្រមទាំងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
លោកជំទាវ Campbell និង ឯកឧត្តម ប្រាក់ សុខុន ក៏បានពិភាក្សាផងដែរ អំពីបញ្ហាសំខាន់ៗក្នុងតំបន់ រួមទាំងវិបត្តិនៅប្រទេសអ៊ុយក្រែន និងមីយ៉ាន់ម៉ា។
អូស្រ្តាលីគឺជាដៃគូដ៏យូរអង្វែង និងពិតប្រាកដរបស់កម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសយើងទាំងពីរ។ យើងកំពុងបន្តធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរបស់យើង ធ្វើអោយប្រសើរឡើងនូវការរីកចម្រើនដែលមាននិរន្តរភាព ព្រមទាំងរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។