ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងកូរ៉េ បានធ្វើការពិនិត្យ និង ពិភាក្សារួមគ្នា លើគោលនយោបាយ យុទ្ធសាស្ត្រភាពជាដៃគូ

212

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកជំទាវ KIM Kyung Hee អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ, នារសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកជំទាវ KIN Kyung Hee តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ធ្វើជាសហប្រធានជាមួយឯកឧត្តម ហម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំកិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយលើកទី ៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល បានរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកនេះ ។ ភាគីទាំងពីរ បានធ្វើការពិនិត្យ និង ពិភាក្សារួមគ្នាលើគោលនយោបាយ យុទ្ធសាស្ត្រភាពជាដៃគូ និងបេក្ខភាពគម្រោងអាទិភាពសម្រាប់កិច្ចសម្រប សម្រួលក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោយធ្វើការផ្លាស់ប្តូរយោបល់ ទស្សនទាន ចក្ខុវិស័យ និងគោល នយោបាយអាទិភាពនានា ក្នុងយន្តការភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) របស់សាធារណរដ្ឋកូរ៉េ ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិ សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF/Korea Eximbank) និងហិរញ្ញប្បទានឥតសំណង (Grant Aid) ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដោយសម្រេចបាននូវការឯកភាពគ្នាជាគោលការណ៍ដោយបានចុះហត្ថលេខារួមគា្នលើឯកសារកំណត់ហេតុ (Aide Memoire of 4th Integrated ODA Policy Dialogue) រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរ ចំពោះលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់គួរជាទីមោទនភាព ក្នុងស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី ៤ រវាងរដ្ឋាភិបាលទាំងពីរ ដែលសម្រេចបានលើបេក្ខភាពតម្រោងអភិវឌ្ឍន៍ទៅតាមវិស័យ អាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ (Framework Arrangement 2022-2026) ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលាន ដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានា ដូចជា ផ្លូវជាតិ និងផ្លូវជនបទ, ធារា សាស្ត្រ, ថាមពល, ទឹកស្អាតនិងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងជាតម្រោងក្នុង វិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនេះ, ភាគីទាំងពីរ ក៍បានសម្រេចនូវសមិទ្ធផលមួយទៀត ផងដែរ លើការចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់តម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទ ដោយចីរភាព (Sustainable Rural Connectivity Improvement Project) ដែលមានទឹកប្រាក់ឥណទាន សម្បទានចំនួន ៦០ លានដុល្លារអាមេរិក ។

ជារួម, គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ លានដុល្លារអាមេរិក ក្នុងនោះ ឥណទាន សម្បទានមានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណ ជាង ៤៥៥ លានដុល្លារ អាមេរិក ។ ការដាក់ចេញនូវគោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការពី សាធារណរដ្ឋកូរ៉េ គឺផ្នែកតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា (NSDP), យុទ្ធសាស្ត្រ ភាពជាដៃគូ (Country Partnership Strategy-CPS), យុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុល (Debt Strategies) ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ ក៏ដូចជា អនុលោមផងដែរ ទៅនឹងយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវី-១៩ តាមតទ្រូងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ ដែលកន្លងមក បានផ្តល់ឥណទានសម្បទានសម្រាប់កម្មវិធីឆ្លើយតបបន្ទាន់ទៅនឹងជម្ងឺកូវីដ-១៩ (Program Loan for Covid-19 Emergency Response) ដែលមានទឹកប្រាក់ឥណទានចំនួន ៥០ លានដុល្លារអាមេរិក ដើម្បី លើកស្ទួយ និងស្ដារសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងដំណាក់កាលដ៏សែនលំបាកដោយសារផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ។

លោកជំទាវ KIN Kyung Hee បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវី -១៩ ជាពិសេសបានធ្វើឲ្យកម្ពុជាត្រឡប់មករកប្រក្រតិភាពនៃការបើកប្រទេសឡើងវិញ។

ជាមួយគ្នានេះ ភាគីទាំងពីរ បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទាន និងហិរញ្ញប្បទានឥត សំណង ព្រមទាំង កម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership – PPP) និង ការវិ និយោគឯកជន ។

អត្ថបទដែលជាប់ទាក់ទង