តារាសម្តែងនិងចម្រៀងស៊ិចស៊ី ៤ដួង ត្រូវក្រសួងវប្បធម៌ព្រមាន ព្រោះធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណី
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតព្រមាននិង ចាត់វិធានការ ទៅតារាល្បីៗ ដែលតែងតែបញ្ចេញភាពស៊ិចស៊ី តាមបណ្ដាញសង្គម និងតាមកម្មវិធីសាធារណៈផ្សេងៗ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតប្រកាសព្រមានជាផ្លូវការ ដល់តារាប្រុសស្រីល្បីៗ ចំនួន៤ដួង គឺអ្នកនាង សុខ ស្រីម៉ុច អតីតតារាសម្តែង កញ្ញា រតនៈ ពិសី អ្នកចម្រៀងយេយេបញ្ចេញសាច់ខ្ចី
តារាចម្រៀងនិងសម្តែង កញ្ញា ពេជ្រ អាវីហ្សា និងលោក អេន ឌី។
ក្រសួងវប្បធម៌ បានចេញសេចក្តីសម្រេចថា តារាទាំង៤ដូង ត្រូវបានព្រមានដែលធ្វើឲ្យប៉ះពាល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ បណ្តាលឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំង ពីមហាជនខ្មែរ តាមបណ្ដាញសង្គម Facebook។
ក្រសួងវប្បធម៌ បានបន្ថែមថា តារាសម្តែងនិងចម្រៀង ត្រូវបញ្ឈប់នូវទង្វើដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយករណីនៅតែបន្ត ក្រុមប្រឹក្សាពិន័យ និងលើសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ដោយផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈវប្បធម៌ ក្នុងរយៈពេលមួយស្របតាមកំហុសឆ្គង់នៃអ្នកប្រព្រឹត្ត។
យោងតាមលិខិតលេខ ៥៥ សសរ ចុះហត្ថលេខាដោយលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រង់ប្រការ ២ បានព្រមានចំៗឈ្មោះដល់អ្នកទាំង៤ថា “ត្រូវបញ្ឈប់ទង្វើ ដែលនាំឲ្យប៉ះពាក់វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ។ ករណីនៅតែបន្តក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ដោយផ្អាកសកម្មភាពទាក់ទងនឹង វិស័យសិល្បៈវប្បធម៌ ទៅតាមរយៈពេលណាមួយ សមស្របតាមកំហុសឆ្គងនៃអ្នកប្រព្រឹត្ត”។
ជាការពិតក្នុងចំណោមតារាទាំង ៤ដួង ខាងលើ សុខ ស្រីម៉ុច ទើបតែរន្ទឺខ្លាំង ក្នុងអំឡុងពេលចុងក្រោយ ពេលដែលនាងបានរំលេចកេរ្តិ៍លើឆាក បង្កឲ្យមានការភ្ញាក់ផ្អើល មិននឹកស្មានថា នាងជានារីខ្មែរ ហ៊ានស្លៀកពាក់បែបនេះឡើយ ហើយម្យ៉ាងទៀត ក្នុងពេលដែលនាងទៅដើរលេងលំហែកាយតាមមាត់សមុទ្រ នាងបានស្លៀកឈុកប៊ីគីនីយ៉ាងរំភើយ។
ជាមួយការព្រមាននេះ តារាចម្រៀង រតនៈ ពិសី បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ហួសចិត្ដខ្លាំង .. ចង់វិលទៅកើតនៅសម័យលង្វែកវិញ ពាក់អាវអត់ដៃអត់ខ្សែ ។ បានគ្រប់គ្នា ក្រសួងលេងប្អូនមែនទែនហើយ តើ អត់អាណិតខ្ញុំទេ … ច្របូក ច្របល់ពេញហ្នឹង ហើយ ទម្រាំ បិទទៀត ទៅនៅក្រោមស្ពានហើយខ្ញុំ” ៕