អភិបាលខេត្តព្រះសីហនុ ៖ “គ្មានការលេីកលែង ជាដាច់ខាត ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រេីប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់”
ព្រះសីហនុ ៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដោយផ្អែកតាមសភាពការក្រោយការបោះឆ្នោត មានករណីបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើង នៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ច បានទទួលរងរបួសស្នាមក្នុងពេលកំពុងប្រតិបត្តិការបង្រ្កាប។ សភាពការណ៍មានការប្រែប្រួលបែបនេះ ហើយ ទើបតម្រូវឱ្យមានកិច្ចប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការគ្រប់គ្រងសភាពការណ៍ឡើងវិញ។
ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ការធ្វើចរាចរណ៍ លក់ដូរ និងបញ្ចេញអាវុធដោយខុសច្បាប់ ទាមទារឱ្យយើងធ្វើការស្រាវជ្រាវរកប្រភពដើម ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។ ឯកឧត្តមក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា យេីងគ្មានការលេីកលែងជាដាច់ខាត ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រេីប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់។
ចំពោះមុខ ឯកឧត្តមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងវិធានការដូចខាងក្រោម៖
១-គណៈបញ្ជាការក្រុងស្រុក ត្រូវរៀបចំគោលដៅបង្កើនត្រួតពិនិត្យអាវុធ ចល័តគោលដៅ និងពេលវេលា ដើម្បីទប់ស្កាត់ការនាំចូលអាវុធពីខាងក្រៅ (មិនឱ្យដាក់ប៉ុស្តិ៍ជាដាច់ខាត)។
២-ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បន្តការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្រុងព្រះសីហនុ និងល្បាតជាប្រចាំ ដោយពាក់អាវការពារខ្លួនជៀសវាងគ្រោះថ្នាក់។
៣-ពង្រឹងការត្រួតពិនិត្យអាវុធ បើជួបករណីអាវុធដែលមិនមានលិខិតស្នាមគ្រប់គ្រាន់តាមគោលការណ៍នៃការគ្រប់គ្រងអាវុធ គឺត្រូវយកមកសួរនាំឱ្យបានច្បាស់លាស់។
៤-បន្តអនុវត្តចំពោះទីតាំងណាដែលកើតមានការប្រើប្រាស់អាវុធ ហើយសមត្ថកិច្ចបង្រ្កាបបាននៅទីតាំងនោះ គឺត្រូវអនុវត្តវិធានការរដ្ឋបាលឆែកឆេរ និងត្រួតពិនិត្យទីតាំងនោះទាំងអស់៕