អ្នកចាត់ការទូទៅ នឹងបង្កើតគោលការណ៍ថ្មី ដើម្បីជ្រើសរើសក្រុមជម្រើសជាតិ
ភ្នំពេញ៖លោកKeisuke Hondaអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងកំណត់គោលការណ៍ថ្មីមួយសម្រាប់ជ្រើសរើសកីឡាករជម្រើសជាតិដែលគោលការណ៍នេះកន្លងមកលោកមិនធ្លាប់បានប្រើក្នុងការជ្រើសរើសកីឡាករជម្រើសជាតិកម្ពុជាឡើយ។
គោលការណ៍ថ្មីនេះត្រូវបានកំណត់ឡើងបន្ទាប់ពីអ្នកចាត់ការជនជាតិជប៉ុនមើលឃើញថា កីឡាករកម្ពុជារត់មិនទាន់ល្អគ្រប់គ្រាន់ តាមការចង់បានរបស់លោកក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup ដែលទើបតែបញ្ចប់កាលពីយប់មិញនៅប្រទេសឥណ្ឌា។
លោក Honda បានលើកថា ខ្ញុំនឹងមិនជ្រើសរើសយកចូលជម្រើសជាតិទេប្រសិនបើ រត់មិនដល់ ២០,៥ (30-15 intermittent fitness test)។ បើនិយាយឲ្យស្មោះត្រង់ វាជាការធ្វើតេស្តមួយដ៏ឆ្កួតដែលខ្ញុំមិនដែលឃើញពីមុនមកប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវតែជ្រើសរើសយកវា(តេស្ត)។ហេតុអ្វីខ្ញុំមិនប្រើច្បាប់ដ៏ឆ្កួតហ្នឹងពីមុនមក?…តែពេលនេះយើងត្រូវបើវាហើយគឺដើម្បីចង់ឈ្នះក្រុមទាំងអស់ហ្នឹង។ ខ្ញុំឃើញថា យើងលេងមិនសូវរត់សោះ។
អ្នកចាត់ការសញ្ជាតិជប៉ុនបានសង្កត់ធ្ងន់ថាច្បាប់នេះកម្ពុជានឹងប្រើវាពេលកោះហៅកីឡាករចូលជម្រើសជាតិលើកក្រោយហើយប្រសិនបើកីឡាករណាមិនអាចរត់បានតាមការកំណត់ ២០,៥ លោកនឹងបញ្ជូនកីឡាករដែលបានកោះហៅនោះទៅក្លឹបវិញ។
ការលេងរបស់កីឡាករកម្ពុជា ត្រូវបានលោក Honda កត់សម្គាល់ឃើញថា អាចរត់បានត្រឹមតែ១៩ទៅ១៩,៥តែប៉ុណ្ណោះដែលនេះបើធៀបជាមួយការកំណត់នៃការជ្រើសរើសមានន័យថា កីឡាករកម្ពុជាបានធ្លាក់តេស្តកាយសម្បទា (Fitness) បាត់ទៅហើយ ដែលវាគឺជាចំនុចប្រណាំងប្រជែងមួយ ដើម្បីអាចប្រកួតជាមួយក្រុមដែលមានកាយសម្បទា និងបច្ចេកទេសលើៗបាន៕