ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ បានបើកសម្ពោធជាផ្លូវការយ៉ាងឱឡារិកនៅក្រុងសៀមរាប
(សៀមរាប)៖ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុបប្រមាណ ៣០០ នាក់។
ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរបានចំនួន៧រដូវកាលកន្លងមកហើយ។ យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងពញ្ញាក់ស្មារតីប្រជាជនកម្ពុជាទូទៅឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដែលផលិតករ កសិករកម្ពុជា ផលិតបាននៅតាមមូលដ្ឋាន ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ ជាពិសេសបានជួយពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅតាមសហគមន៍ បានផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ជាលទ្ធផលឃើញថា ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខ័ណ្ឌទូទាំងប្រទេសពីរដូវកាលមួយទៅរដូវកាលមួយ ធ្វើឱ្យការគាំទ្រ និងការប្រើប្រាស់ផលិតផលក្នុងស្រុកមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងទៀត បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្តើមរីកដុះដាល និងមានវត្តមានលើទីផ្សារកាន់តែច្រើនឡើងទាំងទីផ្សារធម្មតា ផ្សារទំនើប ទីផ្សារក្នុងអាកាសយានដ្ឋាន និងនៅបរទេស និងអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្តន៍នូវរបបទីផ្សារសេរី។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខ្មែរ បន្លែ និងផ្លែឈើធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នាក្រុងសៀមរាបនេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ និងផ្លែឈើ និងផលិតផលរបស់សហគមន៍ផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៤។ ក្នុងឱកាសនេះផងដែរ គណៈកម្មការរៀបចំពិព័រណ៍បានជ្រើសរើសមុខម្ហូបល្បីៗរបស់ស្រុកទាំង១២នៃខេត្តសៀមរាប និងមានការប្រកួតចម្អិនម្ហូបខ្មែរដោយក្រុមការងារចុងភៅក្នុងខេត្តសៀមរាប ដើម្បីជូនភ្ញៀវទស្សនាផងដែរ។
នៅក្នុងពិធីសម្ពោធពិព័រណ៍នេះ ក៏មានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាពាណិជ្ជកម្ម ចំនួន៥ លើកិច្ចការជំរុញពាណិជ្ជកម្ម និងការស្វែងរកទីផ្សារជូនកសិករ ផលិតករ និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនពាណិជ្ជករដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្គត់ផ្គង់ទំនិញក្នុងតំបន់ក្រហមអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញដោយវិបត្តិកូវីដ-១៩ និងពាណិជ្ជករកម្ពុជា ដែលបានសហការជាមួយក្រសួងក្នុងការរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក២០២០ឌុយបៃ សហភាពអារ៉ាប់រួមដោយជោគជ័យ។ អមជាមួយព្រឹត្តិការណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ផលិតផលខ្មែរចំនួន៣ ក្នុងទីតាំងផ្សេងៗគ្នា និងការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រសួងពាណិជ្ជកម្មនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) មណ្ឌល ផលិតនិងរចនាកិលភាជន៍សៀមរាប និងចុះទស្សនាផ្សារលក់ផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ផលិតករកម្ពុជាខិតខំ ផលិតទំនិញប្រកបដោយសោភ័ណ្ឌភាព គុណភាព អនាម័យ ការវេចខ្ចប់បានល្អសមរម្យសម្រាប់ទីផ្សារ៕