ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្ដមសេនីយ៏ គន់ គីម៖ របបប្រល័យពូជសាសន៍ ប៉ុលពត បានបន្សល់ទុកនូវអតីតយុទ្ធជន ជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន នៅកម្ពុជា

174

កំពង់ចាម៖ លោកនាយឧត្ដមសេនីយ៏ គន់ គីម បានបញ្ជាក់ថា៖ របបប្រល័យពូជសាសន៍ ប៉ុលពត បានបន្សល់ទុកនូវអតីតយុទ្ធជន ជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការ ងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន នៅកម្ពុជា។

លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់បែបនេះខណៈ លោក
អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តកំពង់ចាម។

លោកនាយឧត្តមសេនីយ៍ អគ្គលេខា ធិការ បានរំលឹកអំពីវីរភាព និងគុណ បំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយថាការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ២០២២ ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន។

លោកបានបន្ថែមថា៖ ភាពខ្លោចផ្សានៃប្រទេសកម្ពុជា ដែលបានឆ្លងកាត់នូវសង្គ្រាមជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន។ ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការលើកកម្ពស់សុខមាលភាពនិ ងជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា៖ គុណចំណាច់របស់អតីតយុទ្ធជន គឺមិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ឱ្យសក្តិសមទៅនឹងអ្វីដែល បងប្អូនជាអតីតយុទ្ធជនបានលះបង់ពលីទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា សម្រាប់ទិវានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចេញនូវសារលិខិត មួយច្បាប់ដើម្បីអបអរសាទរចំពោះទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៥ នេះផងដែរ ដោយសម្តេច បានលើកឡើងពីពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជានៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន ចំនួន ១០៣,៩៧៩ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន១៥០, ៥៣៩ នាក់ កំពុងទទួល បានប្រាក់របបគោលនយោបាយពីរដ្ឋដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាម កំណើនសេដ្ឋកិច្ចជាតិ,ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវចំនួន៧ចំណុច ខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ នេះ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាម ភូមិ ឃុំ សង្កាត់ ដោយត្រួវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សាភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និទ្ធ ជាមួយបងប្អូន តាមគ្រួសារ តាមខ្នងផ្ទះ នីមួយ ៗ ។

នាឱកាសដ៏មានអត្ថន័យនេះដែរ បងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងម្នាក់ៗទទួលបានថវិការចំនួន១០០.០០០រៀល, អង្ករចំនួន២៥ គីឡូក្រាម,សារ៉ុងចំនួន១ ឆ្លើយតបទៅតាមការសំណូមពរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់ផ្ទះចំនួន៣៥ខ្នង ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង