ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌ និង កិច្ចសន្ទនាដែល្លីលើកទី១២ ក្រោមមូលបទ “ការកសាងស្ពាននៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ”

182

 

ភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌ និង កិច្ចសន្ទនាដែល្លីលើកទី១២ ក្រោមមូលបទ “ការកសាងស្ពាននៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ”។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងបានអញ្ជើញចូលរួមកិច្ចសន្ទនាដែល្លីលើកទី១២ ក្រោមមូលបទ “ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២២ នៅទីក្រុងញូវដែល្លី។

មុនពេលចាប់ផ្តើមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត បានចូលជួបសម្តែងការ គួរសមជាមួយឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើជូនពរពីសំណាក់សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ជូនចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា និងបានរំលឹកអំពីកិច្ចសន្ទនាប្រកបដោយផ្លែផ្កានាពេល ថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រីទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងកម្ពុជា-ឥណ្ឌា និងបានថ្លែងអំណរគុណ ចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា បានទទួលស្គាល់សមិទ្ធផលជាច្រើនដែលសម្រេចបាន ក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានគាំទ្រយ៉ាងពេញទំហឹងចំពោះមជ្ឈភាពអាស៊ាន នៅក្នុងយន្តសំរោង ដឹកនាំដោយអាស៊ាន និងកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈចក្ខុវិស័យសហគមន៍។

អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC 2025) និងគំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ាន (IAI) ។ល។ ក្នុងការសម្ដែងនូវការកោតសរសើរចំពោះការគាំទ្ររបស់ ឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បាននិយាយលើកតម្កើងផងដែរនូវការរួមចំណែករបស់ឥណ្ឌា ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសកលលោក រួមទាំងក្នុងតំបន់អាស៊ានផងដែរ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ឥណ្ឌា រួមទាំងការកំណត់ឆ្នាំ២០២២ ជា “ឆ្នាំមិត្តភាពអាស៊ាន ឥណ្ឌា» ជាមួយនឹងព្រឹត្តិការណ៍អមជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

ចំពោះទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអាស៊ាន-ឥណ្ឌា រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានព្រមព្រៀងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ដែលមានអត្ថន័យ ប្រកបដោយខ្លឹមសារ និងផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក ដោយពិចារណាលើសក្តានុពលដ៏ធំនៃទំនាក់ទំនងដែលកំពុងបន្តរីកចម្រើន។ រដ្ឋមន្ត្រី ការទេសអាស៊ាន-ឥណ្ឌ បានសម្តែងសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្រោម ផែនការការងារសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបច្ចុប្បន្ន និងទន្ទឹងរង់ចាំការអនុវត្តសេចក្ដីថ្លែងការណ៍ រួម ស្ដីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានសង្កត់ធ្ងន់លើសារសំខាន់ ក្នុងការការបង្កើនវិសាលភាព កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យផ្សេងៗ ដើម្បីស្ដារឡើង វិញពីជំងឺកូវីដ-១៩ ឲ្យមានភាពធន់ថែមទៀត និងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នយូរអង្វែង នៅក្នុងតំបន់ ដែលមានសន្តិភាព ស្ថិរភាព និងសុខដុមរមនា។ ក្នុងចំណោម វិស័យនានាដែលបានរំលេចនៅក្នុងកិច្ចពិភាក្សា ជាអាទិ៍មាន៖ ការលើកកម្ពស់សមត្ថភាពសុខភាព សាធារណៈ ការផលិតវ៉ាក់សាំងបង្ការ ឱសថបុរាណ សេដ្ឋកិច្ចពណ៍ខៀវ កសិកម្មឆ្លាតវៃស្រប អាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ការអភិវឌ្ឍ ធនធានមនុស្សដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់ផ្លូវគោក-ផ្លូវ អាកាស-ផ្លូវសមុទ្រ។

រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវមូលនិធិអាស៊ាន-ឥណ្ឌា (AIF) មូលនិធិបៃតងអាស៊ាន-ឥណ្ឌា (AIGF) មូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា ក៏ដូចជាការផ្ដល់ជូនរបស់ឥណ្ឌានូវបន្ទាត់ឥណទាន សម្រាប់គម្រោងតភ្ជាប់នានា។ ដើម្បីសម្រួល និងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ច រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការពន្លឿនការពិនិត្យឡើងវិញលង លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) និងបានអំពាវនាវឱ្យធ្វើការចាប់ផ្ដើមឡើងវិញ ឲ្យបានរួសរាន់នូវទេសចរណ៍ប្រកបដោយចីរភាព និងសុវត្ថិភាព។ អាស៊ានក៏បានលើកទឹក ចិត្តឥណ្ឌាឱ្យគាំទ្របដិវត្តន៍ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្ម។

នៅក្នុងអំឡុងពេលកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ដើម្បីប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងចូលរួមយ៉ាងសកម្ម ជាមួយអាស៊ាន ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដូចបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា។ ក្នុងវិស័យសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារសំខាន់ក្នុងកិច្ចប្រឹងប្រែងរួម គ្នាឡើងវិញទ្វេដង ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ឲ្យបានចំនួន២០០ពាន់ លានដុល្លារសហរដ្ឋអាមរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យធ្វើការបញ្ចប់ឲ្យបានឆាប់នូវផ្លូវហាយវេត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយមានការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដោយសង្កត់ធ្ងន់ លើសារសំខាន់ក្នុងការធ្វើសំយោគគ្នា រវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងការតភ្ជាប់របស់ឥណ្ឌា ក្រោមក្របខ័ណ្ឌគោលនយោបាយធ្វើសកម្មភាពទិសខាងកើត។ ក្នុងវិស័យ សង្គម-វប្បធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីសារសំខាន់ក្នុងការកាត់បន្ថយ គម្លាតឌីជីថល និងការលើកកម្ពស់អក្ខរកម្មឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ មានការគាំទ្របន្តដល់សកម្មភាពនានា ក្រោមផែនការការងារទី៤ នៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណ កម្មអាស៊ាន (IAI Work Plan IV) ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងថែមទៀតលើការផ្តល់សិទ្ធិ អំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ស្រ្តី និងសហគ្រិនវ័យក្មេងតាមរយៈការកសាង សមត្ថភាពឌីជីថល។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើបញ្ហាតំបន់ និង អន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម រួមទាំងការវិវត្តនៃស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រ ចិនខាងត្បូង ឧបទ្វីបកូរ៉េ និងផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។

បន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលថ្លែងសន្ទរកថា នៅក្នុងកិច្ចសន្ទនាដេល្លាលើកទី១២ ក្រោមមូលបទ “ការកសាង ស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានពិភាក្សាអំពីសក្តានុពលនានានៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងឥណ្ឌា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈម ធំៗដល់ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ការថែទាំសុខភាព ការតភ្ជាប់ឌីជីថល ទំនាក់ទំនង វប្បធម៌ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ខ្សែច្រវ៉ាក់តម្លៃសកលនិងតំបន់ដែលមានភាពធន់ ពាណិជ្ជកម្ម និងវិនិយោគ ថាមពល និងសកម្មភាពអាកាសធាតុ និងការខិតខំស្តារឡើងវិញពីជំងឺកូវីដ-១៩ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការអនុវត្តឲ្យបានពេញលេញ នូវសេចក្តីថ្លែងការណ៍រួមស្តីពីសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (IPOI) របស់ឥណ្ឌា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងបានសង្កត់ធ្ងន់លើការស្ដារវិស័យទេសចរណ៍ឡើងវិញ និងបានបញ្ជាក់ឡើងវិញអំពីសារសំខាន់ ក្នុងការបញ្ចប់ឱ្យបានឆាប់នូវផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញឱ្យមានប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជន រវាងតំបន់ទាំងពីរឲ្យកើនឡើងកាន់តែច្រើនថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ឥណ្ឌាឱ្យគាំទ្របន្ថែមទៀតដល់ការកសាងសមត្ថភាពអាស៊ាន ផ្នែកនវានុវត្តន៍ ឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យតំបន់អាចសម្របខ្លួនបានទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការរក្សានិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុ ភាគីផ្អែកលើច្បាប់ គឺមានសារសំខាន់ណាស់សម្រាប់តំបន់ទាំងពីរ និងពិភពលោក ដើម្បីពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព ព្រោះប្រព័ន្ធនេះបានក្លាយជាមូលដ្ឋានគ្រឹះ នៃវិបុលភាព ក្នុងរយៈពេល ៧ទសវត្សរ៍ ចុងក្រោយនេះ ។

ក្រៅពីព្រឹត្តិការណ៍នៃកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជួបពិភាក្សា ការងារដាច់ដោយឡែកជាមួយ លោកជំទាវ ផនភិបុល កាន់ចាន់លាក់ (Pornpimol Kanchanalak) ប្រេសិតពិសេសរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដន ប្រាមុតវិណៃ (Don Pramudwinai) រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីផ្លាស់ប្តូរយោបល់អំពីការផ្តល់ជំនួយមនុស្សធម៌ដល់ អ្នកដែលត្រូវការជំនួយបំផុត នៅមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង