ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកក្ដោង៖ត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

152

ភ្នំពេញ៖ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានរៀបចំសេណារីយោរួចរាល់ហើយ ដោយត្រៀមចំនួន១០វិញ្ញាសាសម្រាប់ការប្រកួត ។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា សហព័ន្ធត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

ការបង្ហាញភាពជឿជាក់យ៉ាងដូច្នេះដោយសារសហព័ន្ធបានដាក់ចេញផែនការច្បាស់លាស់ ដូចជា បង្កើនការហ្វឹកហាត់ជូនអត្តពលិក បញ្ជូនទៅចូលរួមប្រកួតកម្រិតអន្តរជាតិ បណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមតាមរយៈការបង្កើតវគ្គក្នុងស្រុកនិងចូលរួមវគ្គក្រៅស្រុក ជាពិសេស ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស រៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតជាតិ និងអន្តរជាតិ។
លោកបន្តថាដើម្បីសម្រេចតាមសន្ទស្សន៍របស់គណ:កម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាគឺសហព័ន្ធកីឡាទូកក្តោងត្រូវដណ្តើមឲ្យបានមេដាយមាស១គ្រឿង។

ក្នុងឆ្នាំ២០២១កន្លងទៅសហព័ន្ធបានរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើង
ឯក អាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ដោយមាន៤ប្រទេសចូលរួម ថៃ សិង្ហបូរី ម៉ាឡេស៊ី និងកម្ពុជាជាម្ចាស់ផ្ទះ។ ជាលទ្ធផលអត្តពលិកកម្ពុជា ដណ្តើមបានដណ្តើមបានមេដាយសរុប ៨គ្រឿង មាស១ ប្រាក់៤ និងសំរិទ្ធ៣ គ្រឿង ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការបច្ចេកទេសកម្ពុជាធ្វើបានយ៉ាងល្អលើការងារបច្ចេកទេស និងមន្រ្តីសហព័ន្ធមានសមត្ថភាពគ្រប់គ្រាន់រៀបចំការប្រកួតអន្តរជាតិបានដោយខ្លួនឯងប្រកបដោយស្តង់ដា ពីអ្នកជំនាញសិង្ហបូរីលោក CHAN KHUN SING JOSEPHទៀតផង ។

លោក សោម សុទ្ធរិទ្ធិពង្ស ឲ្យដឹងទៀតថា ក្រៅពីការរៀបចំសហព័ន្ធក៏បានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាទូកក្តោងជើងឯកអាស៊ី នៅទីក្រុង Abu Dabi ប្រទេសអារ៉ាប់រួម កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ។ កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងមកនេះ សហព័ន្ធបានបញ្ជូនកីឡាករ៤រូប ទៅចូលរួមប្រកួត នៅទេសសិង្ហបូរី ហើយក្នុងខែកក្កដាខាងមុខនេះ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាករិនី៤រូប ទៅចូលរួមប្រកួត នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លើ២វិញ្ញាសាផ្សេងទៀត រួមទាំងមន្រ្តីបច្ចេកទេសផងដែរ។

លោក សង្ឃឹមថា មន្រ្តីបច្ចេកទេស និងអត្តពលិកកីឡាទូកក្តោង នឹងទទួលបានសិទ្ធផល បច្ចេកទេស និងបទពិសោធន៍ល្អៗ ត្រៀម ស៊ីហ្គេម នៅកម្ពុជា។ ក្រៅពីបញ្ចូនកីឡាករ កីឡាករិនីចូលរួមប្រកួត សហព័ន្ធក៏មានគម្រោងបញ្ចូនកីឡាករ គ្រូបង្វឹក មន្រ្តីរៀបចំការប្រកួតទៅហ្វឹកហាត់ និងសិក្សារៀនសូត្ររយៈពេលវែង នៅប្រទេសថៃ។
មុនស៊ីហ្គេមឆ្នាំ២០២៣សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ និងរៀបចំការប្រកួត Pre-Sea Games នៅចុង ឆ្នាំ២០២២នេះ ដោយអញ្ជើញមិត្តក្នុងតំបន់ ចូលរួមដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេស ជាពិសេសស្វែងយល់ពីទីតាំង ទិដ្ឋភាព កន្លែងហ្វឹកហាត់ជាមុនសិន។

សូមបញ្ជាក់ថាសម្រាប់ស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣សហព័ន្ធកីឡាទូក្តោងបានត្រៀមកីឡាករកីឡាការិនី៨រូបនិងមន្រ្តីបច្ចេកទេសជាច្រើនរូបសម្រាប់រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា និងត្រៀម១០វិញ្ញាសាគឺនារី៤វិញ្ញាសាបុរស៦វិញ្ញាសា។ រីឯទីតាំងវិញ គឺជ្រើសរើសយកឆ្នេរសុខា ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង