ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូនេស៊ីពន្លឿនការកែលម្អទីលាន សម្រាប់អាស៊ានប៉ារ៉ាហ្គេម

103

ភ្នំពេញ៖លោកGibran Rakabuming Rakaប្រធានគណៈកម្មាធិការរៀបចំការប្រកួត
កីឡាអាស៊ានប៉ារ៉ាហ្គេមឥណ្ឌូនេស៊ីលើកទី១១ឆ្នាំ២០២២(INASPOC)បានអះអាងថាការជួស
ជុលទីលានប្រកួតចំនួន១៤ នឹងត្រូវបញ្ចប់មុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
លោកនិយាយបែបនេះបន្ទាប់ពីកិច្ចប្រជុំសម្របសម្រួលត្រួតពិនិត្យការអនុវត្តដំណើរការការប្រកួតអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២២ កាលពីយប់ថ្ងៃអាទិត្យទី១៩ ខែមិថុនា ។

មិនមានការជួសជុលធំដុំដែលត្រូវធ្វើនៅលើទីលានទាំង ១៤នោះទេ។ ការជួសជុល នឹងធ្វើឡើងតែលើមធ្យោបាយងាយស្រួលសម្រាប់សមាជិកទាំង១១មកពីប្រទេសអាស៊ានប៉ុណ្ណោះ។ លោក Gibran បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាមានតែការកែលម្អតិចតួចប៉ុណ្ណោះ ដើម្បីគាំទ្រភាពងាយស្រួល អ្វីៗទាំងអស់ នឹងត្រូវបញ្ចប់មុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

លោកក៏បានមាន ប្រសាសន៍ថាក្រៅពីកន្លែងរៀបចំការប្រកួតសណ្ឋាគារនិងកន្លែងផ្សេងៗ រួមទាំងការរៀបចំពិធីបើក-បិទបាន ត្រៀមរួចជាស្រេច។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ មានអត្តពលិក ប្រតិភូ គ្រូបង្វឹក មកពីបណ្តាប្រទេសទាំង១១ ក្នុងតំបន់ច្រើនជាង ១,៦០០នាក់ ចូលរួមលើកីឡាចំនួន ១៤ប្រភេទ។
កីឡាទាំង ១៤ប្រភេទនោះ រួមមាន អត្តពលកម្ម, បាញ់ធ្នូ, វាយសី, បូស្យា, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), អុក, បាល់បោះជនពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, វាយកូនបាល់លើរទេះ, បាល់ទះអង្គុយ និងបាល់បោះរទេះ។ ចំពោះកម្ពុជា នឹងចូលរួមប្រកួតលើ ១១ប្រភេទកីឡារួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និង បូស្យា។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២១ដើមឡើយគ្រោងរៀបចំនៅប្រទេសវៀតណាម ដែលជាប្រទេសម្ចាស់ផ្ទះក្នុងឆ្នាំដំណាលគ្នាទៅនឹងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games) ឆ្នាំ២០២១ ប៉ុន្តែដោយមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម ដែលបង្កឲ្យមានបញ្ហាប្រឈមក្នុងការរៀបចំព្រឹត្តិការណ៍នេះ ម្ចាស់ផ្ទះបានសម្រេចលុបចោលការប្រកួត៕

អត្ថបទដែលជាប់ទាក់ទង