ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការ នូវការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច លើរថយន្តក្រុងសាធារណៈហើយ

222

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយធនាគារឯកទេសវីង (Wing) បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច លើរថយន្តក្រុងសាធារណៈ ជាលើកដំបូងហើយ កាលពីព្រឹកថ្ងៃទី១៩មិថុនានេះ ដែលពិធីនេះបានធ្វើឡើងក្រោមវត្តមាន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាល នៃធនារឯកទេសវីង។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។
លោកបន្តថា ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន។


លោក អ៊ាន សុឃីម បញ្ជាក់ថា សម្រាប់កាតអ្នកជិះរថយន្តក្រុង មានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសម្រាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកម្ពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ដែលកាតលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សម្រាប់អ្នកដំណើរទូទៅ។
​អគ្គនាយកធនាគារឯកទេសវីង បានឲ្យដឹងថា កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែលអនុញ្ញាតឲ្យអតិថិជន ប្រើប្រាស់សេវារថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យារបស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះរថយន្តក្រុង សាធារណៈទាំង១៥៥គ្រឿង ដោយពុំចាំបាច់ព្រួយបារម្មណ៍ ពីរឿងមានសាច់ប្រាក់ក្នុងហោប៉ាវ និងរីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់ជូនតាមរយៈសេវាកម្មវីងនេះ។
លោកឃួង ស្រេង បានថ្លែងថា បច្ចុប្បន្ននេះ សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្ត ក្រុងកំពុងដាក់ឲ្យដំណើរការ ក្នុងទីក្រុងចំនួន៨ខ្សែ មានរថយន្ត១៥៥គ្រឿង ដែលកំពុងទទួលបានការពេញនិយម ពីប្រជាពលរដ្ឋ និងងាកមកជិះឡាន ក្រុងកាន់តែច្រើនដែលមានចំនួនពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះ បានជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរ និងការបំពុលបរិស្ថាន ចំណេញពេលវេលា និងមានផាសុកភាព។


ទន្ទឹមនឹងការអបអរសាទរ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធកាតវីង លើរថយន្តក្រុងនេះ លោកអភិបាលរាជធានី ក៏បានកោតសរសើរ ដល់អ្នកបើកបររថយន្តក្រុង (City Bus) ដែលបានអនុវត្តក្រមសីលធម៌ អ្នកបើកបរបានល្អប្រសើរ និងមិនបានទទួលប្រាក់ពីអ្នកដំណើរនោះឡើយ ហើយមកដល់ពេលនេះក៏មិនបានបង្កគ្រោះថ្នាក់ចរាចរនោះដែរ។
លោកឃួង ស្រេង ក៏បានណែនាំឧ្យិរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ពិនិត្យមើលតម្រាយផ្លូវណា ដែលមានភាពមមាញឹកខ្លាំង គួរបន្ថែមរថយន្ត ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ជួយពិនិត្យមើលនឹងសំអាត តាមចំណតរថយន្តក្រុងឲ្យបានស្អាតជានិច្ច៕

      

អត្ថបទដែលជាប់ទាក់ទង