ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

56

ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ពិតជារីករាយដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ គឺ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ ឆ្នាំនៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តមក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

ឯកឧត្តមក៏បានអរគុណចំពោះការទទួលឯកឧត្តមដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា ទី១- ឯកឧត្តមមានសេចក្តីរីករាយជាមួយនឹងការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ ,ទី២-បានជួបពិភាក្សាជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ, ទី៣-សូមគោរពវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឯកភាពជាមួយនឹង ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អោយកាន់តែស៊ីជម្រៅ និងបើកទូលាយជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន អោយកាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជារការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម៕

អត្ថបទដែលជាប់ទាក់ទង