ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុច ប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពបាន៨%ហើយ

60

កោះកុង៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រី ជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថាតើ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែមដល់ ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរអង្វែង។

ថ្លែងក្នុងបទសម្ភោសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួង បានធ្វើតេស្តស្រទាប់គ្រឹះ និងបានរកឃើញថាក្នុងចំនួនដប់កន្លែង មានមួយកន្លែងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនពិនិត្យកែតម្រូវឡើងវិញលើចំណុចខ្វះខាត ប៉ុន្តែជារួមការសាងសង់មានគុណភាពល្អអាចទទួលបានយកបាន ហើយគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះសម្រេចវឌ្ឍនភាពការងារបានចំនួន៨%ហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្រុមការងារបច្ចេកទេសក្រសួងនឹងបន្តចុះត្រួតពិនិត្យតាមដានការ សាងសង់ផ្លូវនេះដើម្បីធានាឱ្យការសាងសង់ផ្លូវនេះមានគុណភាពរឹងមាំប្រកបដោយស្តង់ដារ ដែលបាន ឯកភាពគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពពង្រីក ផ្លូវជាតិលេខ៤៨នៅចំណុចមួយចំនួនប្រវែង៤គីឡូម៉ែត្រកន្លះ ពីរគន្លងទៅបួនគន្លង ហើយក្រសួងបាន យកសំណូមពរនេះទៅពិចារណា និងបានពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីស្វែងរកថវិកាមកសាងសង់តាមសំណូមពររបស់សម្ដេច។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដោយទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើស ទម្ងន់កម្រិតកំណត់ដោយច្បាប់ ធ្វើឱ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានសម្បុកមាន់ បង្កគ្រោះ ថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវរបស់យើង។

ដើម្បីថែរក្សាផ្លូវយើងកុំឱ្យឆាប់ខូចមុនអាយុកាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងនូវរូបមន្តដូចត ទៅនេះ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក៤០ តោន លើសដប់តោន នោះ គេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១០០០ យក១០០០ គុណនឹង ១០ ស្មើនឹង១០០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០ តោន ស្មើនឹងឡាន ១០០០០ គ្រឿងដឹកទំនិញលើផ្លូវ យើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ បើមានឡានដឹកលើសទម្ងន់៣០ តោន គេយក ៣០ គុណនឹង ៣០ ស្មើនឹង៩០០ យក៩០០ គុណនឹង៣0 ស្មើនឹង២៧០០០ យក ២៧០០០ គុណនឹង ៣០ ស្មើនឹង ៨១.០០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស៣០តោន វាស្មើនឹង ឡាន៨១.០០០០ គ្រឿងបើកលើផ្លូវយើង។

សូមជម្រាបជូនថា៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើថវិកាសរុប ប្រមាណ៦៥,១៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុងក្នុងនោះ៖ ផ្លូវមាន២គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រនិងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន០៤កន្លែងមានប្រវែងសរុប ១១៣ ម៉ែត្រ និងដាក់លូមូលបេតុង១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) និងលូប្រអប់១៥កន្លែង (ថ្មី៣កន្លែង និងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ។ ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។

ផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕

អត្ថបទដែលជាប់ទាក់ទង