ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៅ សុខា៖ បាល់ទាត់ចាប់ផ្ដើម ប្រៀបដូចទូក នៅលើទឹកគ្មានចង្កូត

75

ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាបានរម្លឹកថាវិស័យកីឡាបាល់ទាត់កម្ពុជាបានចាប់ផ្ដើមមានសកម្មភាពឡើងវិញ នៅឆ្នាំ២០០៦ ប្រៀបដូចជាទូកអណ្ដែតទឹក តែគ្មានចង្កូត រហូតមានការអភិវឌ្ឍ និងរីកចម្រើន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមជាតិទៀតផង។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) នាល្ងាចថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២នេះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការ
អញ្ជើញចូលរួមធ្វើជាសាក្សីផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាតែម្ដង។
ប្រមុខសហព័ន្ធបាល់ទាត់រូបនេះមានប្រសាសន៍ថាមុនឆ្នាំ១៩៧៥វិស័យបាល់ទាត់កម្ពុជាមានកេរ្ដិ៍ឈ្មោះទាំងក្នុងការប្រកួតក្របខណ្ឌអាស៊ីអាគ្នេយ៍និងអាស៊ី។ប៉ុន្ដែជាសំណាងអា
ក្រក់ចាប់ពីឆ្នាំ១៩៧៥រហូតដល់ថ្ងៃទី០៦ខែមករាឆ្នាំ១៩៧៩ត្រូវបានបំផ្លាញចោលគ្រប់វិស័យ
ទាំងអស់ ដោយសាររបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍។

ឯកឧត្តមបន្ដថារហូតដល់ឆ្នាំ២០០៦បាល់ទាត់កម្ពុជាដែលចាប់ផ្ដើមសកម្មភាពឡើងវិញ ប្រៀបបានដូចជាទូកអណ្ដែតលើទឹក ដែលគ្មានចង្កូត ម្ដងមានសកម្មភាព ម្ដងអត់សកម្មភាព។ ច្បាប់គ្រង់គ្រងបាល់ទាត់ ក៏មិនមានអ្វីជាក់លាក់។
ចំពោះយុទ្ធសាស្ដ្របាល់ទាត់ក៏គ្មានអ្វីដែលប្រាកដប្រជាក្នុងការអនុវត្តនិងអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា។ចាប់ពីឆ្នាំ២០០៦មកសហព័ន្ធបានរៀបចំច្បាប់គ្រប់គ្រងពិសេសអំពីលក្ខន្ដិកៈបទបញ្ជាការប្រកួតនិងរៀបចំនូវយុទ្ធសាស្ដ្រការអភិវឌ្ឍបាល់ទាត់កម្ពុជាដែលប្រមូលផ្ដុំលើចំណុចសំខាន់ៗចំនួន១២។

ជាសំណាងល្អសហព័ន្ធបានទទួលនូវការគាំទ្រផ្នែកមូលនិធិពីក្រុមហ៊ុនមិត្ដហ្វូនដែល
បានដាក់ទុនវិនិយោគនៅកម្ពុជាទោះបីក្រុមហ៊ុនមិនទាន់រកបានប្រាក់ចំណេញប៉ុន្តែក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយជួយដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាជាងប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលនោះ។
ក្រុមហ៊ុនមួយនេះគឺជានិមិត្ដរូបមួយក្នុងនាមជាក្រុមហ៊ុនគំរូដែលបានគាំទ្រដល់វិស័យកីឡាបាល់ទាត់កម្ពុជា រហូតទទួលបានផ្លែផ្កានាពេលបច្ចុប្បន្ន។

ក្រៅពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ជាលទ្ធផលនៃការអភិវឌ្ឍបាល់ទាត់កម្ពុជា បានជួយទៅដល់ផ្នែកសង្គម មានជាអាទិ៍៖ទី១កាត់បន្ថយនូវការបោះបង់សាលារបស់យុវជន។
ទី២កាត់បន្ថយការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជន។ទី៣កាត់បន្ថយគ្រោះថ្នាក់ចរា
ចរណ៍ក្នុងចំណោមយុវជននិងអ្នកគាំទ្របាល់ទាត។ទី៤បង្កើនការយល់ដឹងអំពីការរីករាលដាលនៃជំងឺឆ្លង ពិសេសជំងឺអេដស៍ ហើយបច្ចុប្បន្ននេះ គឺជំងឺកូវីដ-១៩។ ៥-ផ្ដល់ឲ្យយុវជនកម្ពុជា និងអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា ជៀសផុសពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយសង្គ្រាម និង ៦-បានអប់រំដល់ពលរដ្ឋ និងយុវជនកម្ពុជា រួមគ្នាក្នុងការថែរក្សាបរិស្ថាន និងអនាម័យ។

បាល់ទាត់បានកសាងមិត្តភាពសាមគ្គីភាពក្នុងប្រទេសកម្ពុជាដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ពណ៌សម្បុរ រួមនឹងកសាងបានមិត្តភ័ក្រ្ដក្នុងតំបន់ និងនៅលើពិភពលោកថែមទៀត។មិនតែប៉ុណ្ណោះបាល់ទាត់បានរួមចំណែកដល់ការកសាង
សង្គមកម្ពុជាដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកលូតលាស់ពិសេសគឺក្នុងផ្នែកសេដ្ឋ
កិច្ច។ តាមរយៈបាល់ទាត់ ធ្វើឲ្យគេស្គាល់កម្ពុជាដែលជាប្រទេសសម្បូរដោយតំបន់ទេសចរណ៍ ពិសេសប្រាសាទបុរាណ។ទាក់ទាញបានអ្នកទេសចរតាមរយៈបាល់ទាត់គឺធ្វើឲ្យអ្នកវិនិយោគបានចាប់អារម្មណ៍កម្ពុជា ហើយបណ្ដាក់រកស៊ីនៅកម្ពុជា បង្កើនការងារជូនប្រជាជនកម្ពុជា បង្កើនប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន។
ឯកឧត្តមប្រមុខបាល់ទាត់ចាត់ទុក ថា នេះគ្រាន់តែជាលទ្ធផលមួយផ្នែក ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតចេញពីភាពរីកចម្រើននៃវិស័យបាល់ទាត់ ក្រោយវិស័យកីឡាដ៏មានប្រជាប្រិយភាពមួយនេះបានចាប់ផ្ដើមសកម្មភាពឡើងវិញនៅឆ្នាំ
២០០៦ និងមានការជួយគាំទ្រពីវិស័យឯកជន។

ឯកឧត្តមថា៖«ខ្ញុំពិតជាមានមោទនភាពដែលបានកើតឡើងដោយការរួមគ្នារវាងបាល់ទាត់កម្ពុជានិងមិត្តហ្វូន។ចាប់ពីពេលនេះតទៅយើងនឹងមានការពង្រឹងច្បាប់បាល់ទាត់បន្ថែមទៀតក្រោមការរៀបចំជាមួយលីគ។សង្ឃឹមថាវិស័យបាល់ទាត់កម្ពុជាកាន់តែទាក់ទាញអ្នកគាំទ្រច្រើនថែមទៀត»៕

 

អត្ថបទដែលជាប់ទាក់ទង