ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២

47

 

ភ្នំពេញ ៖ ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២ ដែលជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ ហើយខែសីហា ឆ្នាំ២០២២ នឹងចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី។

បើតាមសេចក្តីជូនដំណឹង , យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/ ០៧១៨/០១៥ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ អំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

១- ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖

– ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ

– ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី

– ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣

– ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។

២- គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោង លើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យ បែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមាន កំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និង ទទួលបានគោលជំហររួមមួយ។

៣- គ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

គួរ​រំឭក​ផងដែរ​ថា ប្រាក់​ឈ្នួល​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ក្នុង​ឆ្នាំ​ ២០២២ ត្រូវ​បាន​ដំឡើង​បាន​ចំនួន​ ២​ ដុល្លារ និង​មាន​ការជួយ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ចំនួន​ ២ ​ដុល្លារ​ផងដែរ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​និយោជិត​ឡើង​ដល់ ១៩៤ ​ដុល្លារ​ក្នុង​ ១ ​ខែ​៕

អត្ថបទដែលជាប់ទាក់ទង