ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាឈិនឡូនអាស៊ី និងកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយគ្នា

67

ភ្នំពេញ៖សហព័ន្ធកីឡាឈិនឡូនអាស៊ី និងសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម្សិលម៉ិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ដើម្បីជួយអភិវឌ្ឍវិស័យកីឡាឈិនឡូនកម្ពុជា ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយលោក U SOE NAING ប្រធានសហព័ន្ធកីឡាឈិនឡូនអាស៊ី និងជាប្រធានសហព័ន្ធកីឡាឈិនឡូនមីយ៉ាន់ម៉ា និងឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រោមការចូលរួមជាសាក្សីពីឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់លោក U SOE NAING ប្រធានសហព័ន្ធឈិនឡូអាស៊ីដែលបានយកចិត្តទុកដាក់ក្នុងការជួយអភិវឌ្ឍធនធានកីឡា
របស់កម្ពុជា ដើម្បីឆ្លើយតបនឹងគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ CAMSOC ក៏បានសំណូមពរលោក U SOE NAING ជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខទុក្ខអំឡុងពេលហ្វឹកហាត់នៅមីយ៉ាន់ម៉ា ហើយឯកឧត្តមក៏ជំរុញឲ្យសហព័ន្ធឈិនឡូនអាស៊ីជួយដាក់គ្រូបង្វឹកកម្រិតខ្ពស់បង្ហាត់ដល់អត្តពលិកកម្ពុជា ព្រោះកម្ពុជាត្រូវការឈ្នះមេដាយច្រើនគ្រឿង លើវិញ្ញសាឈិនឡូន ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត មាស សារិន មានប្រសាសន៍ថា សហព័ន្ធកីឡាឈិនឡូអាស៊ី និងជាប្រធានសហព័ន្ធឈិនឡូនមីយ៉ាន់ម៉ា នឹងធានារ៉ាប់រងសម្រាប់គ្រូបង្វឹក កីឡាករ កីឡាការិនី និងមន្ត្រីអាជ្ញាកណ្តាលកម្ពុជា លើការហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ក្នុងអំឡុងពេលហ្វឹកហាត់បំប៉នបច្ចេកទេស នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលវែង រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។
ប្រភេទកីឡាឈិនឡូននេះ មានវិញ្ញាសាសរុបចំនួន១២ គឺផ្នែកបុរស ៤ នារី៤ និងវិញ្ញាសាចម្រុះ៤ ហើយលោក U SOE NAING នឹងទទួលស្វាគមន៍ និងរ៉ាប់រងលើចំនួនគ្រូ កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ប៉ុន្មាននាក់ក៏លោកទទួលដោយក្តីរីករាយ និងផ្តល់ភាពកក់ក្តៅបំផុត។

ឯកឧត្តមបញ្ជាក់ទៀតថា ចំពោះកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស ដែលសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បញ្ជូនទៅតាមរយៈអនុស្សរណៈនេះ នឹងត្រូវចេញដំណើរក្នុងខែសីហា ឆ្នាំ២០២២ រហូតដល់កៀកព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ទើបវិលត្រឡប់មកវិញ ចូលរួមប្រកួតតែម្តង។
ការទៅហ្វឹកហាត់ និងរៀនសូត្ររយៈពេលយូរនេះ សហព័ន្ធសំដៅឲ្យកីឡាករ កីឡាការិនីនិងមន្រ្តីបច្ចេកទេសមានសមត្ថភាពនិងគុណភាពគ្រប់គ្រាន់ក្នុងការប្រជែងដណ្តើមមេដាយជូនជាតិ និងបម្រើការងារក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកU SOE NAINGបានបង្ហាញក្តីរីករាយនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន
កីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេសកីឡាឈិនឡូនកម្ពុជា ទៅហ្វឹកហាត់ និងបណ្តុះបណ្តាល នៅប្រទេសមីយ៉ាន់ម៉ា ដោយលោកសន្យាថា នឹងធ្វើបដិសណ្ឋារកិច្ចទទួលខុសត្រូវទាំងស្រុង ដើម្បីជួយជំរុញធ្វើយ៉ាងណាឲ្យអត្តពលិក និងមន្រ្តីបច្ចេកទេសកម្ពុជា ត្រឡប់មកចូលរួមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ មានគុណភាពខ្ពស់ ដោយអាចរៀបចំព្រឹត្តិការណ៍បានល្អ និងប្រកួតដណ្តើមមេដាយបាន៕

អត្ថបទដែលជាប់ទាក់ទង