ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យដែលបាញ់មន្ដ្រីនគរបាលក្រុងព្រះសីហនុ បណ្ដាលឲ្យរងរបួស ត្រូវបញ្ជូនទៅតុលាការ

59

ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង ដែលបាញ់អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុម្នាក់ បណ្ដាលឲ្យរងរបួសពេលបើកប្រតិបត្តិការបង្ក្រាបបទល្មើសនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបានក្នុងប្រតិបត្តិការនេះ រួមមានអាវុធខ្លី៩ដើម វែង២ដើម (ថ្មីស្វាយប្រវត្តិ), អាវុធបាញ់គ្រាប់ជ័រ បាញ់គ្រាប់ឃ្លីដែក ប្រភេទខ្លី ចំនួន២៨ដើម និងវែង៣ដើម (សូមបញ្ជាក់អាវុធប្រភេទបាញ់គ្រប់ឃ្លីដែក អាចបណ្ដាលឲ្យរបួស ឬស្លាប់បាន), ប្រដាប់កែឆ្នៃ គ្រាប់ជ័រ និងគ្រាប់ពិត និងប្រដាប់កែឆ្នៃ និងប្រដាប់ជួសជុលអាវុធ១, គ្រាប់គ្រប់ប្រភេទមួយចំនួនធំ, បំពុងខ្ទប់សម្លេងចំនួន១៩ និងសម្ភារកែឆ្នៃ អាវុធមួយចំនួនទៀត។

សូមជម្រាបថា ជនដៃដល់ដែលបាញ់អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញរួមសហការគ្នាបង្ក្រាបបានជាបន្ដបន្ទាប់សរុប៦នាក់ ក្នុងនោះមានទាំងអ្នកលក់កាំភ្លើងឲ្យជនដៃដល់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា ជនដៃដល់ និងបក្ខពួក ព្រមទាំងដែលលក់ដូរអាវុធត្រូវបង្ក្រាបបាន សរុប៦នាក់ ក្នុងនោះមានជនជាតិខ្មែរ៣នាក់ និងជនជាតិវៀតណាម (ដៃដល់) ៣នាក់ផងដែរ។

*ទី១៖ ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ30ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់)
*ទី២៖ ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ24ឆ្នាំ ជនជាតុវៀតណាម (ប្រពន្ធជនដៃដល់)
*ទី៣៖ ឈ្មោះ DINH THANH XUYEN អាយុ25ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក)
*ទី៤៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
*ទី៥៖ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ29ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
*ទី៦៖ ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ35ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ ដោយមានការកិច្ចការពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅពេលឃាត់ខ្លួនជនសង្ស័យបានហើយនោះ កម្លាំងជំនាញក៏បានសួរនាំ និងស្រាវជ្រាវស្វែងប្រភពនៃការផ្ដល់អាវុធឲ្យជនសង្ស័យដែលបានធ្វើសកម្មភាព ជាលទ្ធផលចាប់ខ្លួនបាន៣នាក់ (ឈ្មោះខាងលើ) ព្រមទាំងឈានដល់ការឆែកឆេររកឃើញអាវុធជាច្រើនដើមទៀតផងដែរ។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក៏បញ្ជាក់ដែរថា បន្ទាប់ពីឆែកឆេរនៅទីតាំងលាក់ទុករបស់ជនសង្ស័យ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលហើយនោះ សមត្ថកិច្ចក៏បានរកឃើញអាវុធជាច្រើនដើមផងដែរ ដែលពួកគេរក្សាទុកដើម្បីជួញដូរដោយខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យក្រោយបញ្ចប់ការសួរនាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ជាមួយវត្ថុតាងដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមរំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានអ្នករត់តាក់ស៊ីម្នាក់ ឈ្មោះ គឹម ភារុណ អាយុ៣៧ឆ្នាំ បានមកប្តឹងរាយការណ៍ផ្ទាល់មាត់តាមរយៈទូរស័ព្ទជូនសមត្ថកិច្ចនៅគោលដៅស្នាក់ការ P120 ថា មានជនជាតិវៀតណាមមួយក្រុម មានគ្នា០៥នាក់ (ស្រី០២នាក់) បានជួលរថយន្តតាក់ស៊ីរបស់គាត់ជិះពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះសីហនុ លើផ្លូវអាគារឆាយណាថោន ស្ថិតក្នុងក្រុមទី១៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនចង់ឲ្យលុយ ក៏ដកអាវុធខ្លីគំរាមរកបាញ់គាត់។

ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងល្បាតបានចុះទៅធ្វើការសាកសួរ ក្នុងពេលនោះមានបុរសម្នាក់ស្ពាយកាបូបពណ៌ខ្មៅ មិនព្រមសហការចង់រត់គេចខ្លួន ភ្លាមនោះកម្លាំងជំនាញបានផ្ទុះអាវុធ០១គ្រាប់ឡើងលើ ដើម្បីបញ្ឈប់ធ្វើការត្រួតពិនិត្យ។ បុរសនោះក៏បានបើកកាបូបស្ពាយដកអាវុធ ត្រូវបានកម្លាំងចាប់ដៃទើបធ្វើឲ្យផ្ទុះ០១គ្រាប់ ចំក្រោមកំភួនជើងខាងស្តាំមន្ត្រីម្នាក់បណ្ដាលឲ្យបាក់៕

អត្ថបទដែលជាប់ទាក់ទង