កោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sing Manee ឱ្យចូលខ្លួនដើម្បីសួរនាំ ករណីបានបង្ហោះសារ មានខ្លឹមសារចោទប្រកាន់លើសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបឈ្នះៗ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ Sing Manee បានបង្ហោះសារមានខ្លឹមសារចោទប្រកាន់លើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបឈ្នះៗ (ស្តុបលីយ៉ុងផាត់) កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស្វែងរកអត្តសញ្ញាណបុគ្គលនេះ។
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់ រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sing Manee ឱ្យចូលខ្លួនដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសបានបង្ហោះសារខុសពីការពិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ សុំទោសជាសាធារណ: និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏អនុញ្ញាតឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៕