ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមាណជា ៧០នាក់ បន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់ និងចងក្រណាត់ពណ៌ខៀវរុំក្បាល ភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា “កុំយកលុយ ទិញសិទ្ធិ”
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់ ដោយបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាល ភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា “កុំយកលុយ ទិញសិទ្ធិ” ដែលនេះបង្ហាញថា ក្រុមនេះបានត្រៀមលក្ខណៈ រួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្ដាប់តូចដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អ។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេច សុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ស្តុបនាគបាញ់ទឹក។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លើកនេះក្រុមបាតុករបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាល ភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា “កុំយកលុយ ទិញសិទ្ធិ” ដែលនេះបង្ហាញថា ក្រុមនេះបានត្រៀមលក្ខណៈ រួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្ដាប់តូច ដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អ មកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតឈានដល់ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច បណ្ដាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសស្រាល ព្រមទាំងបាត់បង់វិទ្យុទាក់ទងចំនួន ០៥គ្រឿង និងនាឡិកាដៃចំនួន ០១គ្រឿងផងដែរ។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នធ្វើ បាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេង ទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុមបាតុករដើម្បីបញ្ឈប់នូវសកម្មភាព ខុសច្បាប់បន្តទៀត។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករ ក្នុងករណីមានបំណង ធ្វើការសម្តែងមតិជាសាធារណៈ ត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុង ច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធររាជធានីភ្នំពេញ និងគោរពតាម ការណែនាំផ្សេងៗ ព្រមទាំងធ្វើសកម្មភាពសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ។ បន្ថែមពីនេះទៀត ក្រុមបាតុករមិនត្រូវប្រើប្រាស់ដងផ្លូវសាធារណៈសម្រាប់ធ្វើការជួបជុំគ្នា ប្រមូលផ្តុំ ឬដង្ហែរក្បួនដោយខុស ច្បាប់ ហើយមិនត្រូវធ្វើការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ ការប្រកបរបរអាជីវកម្ម កិច្ចការប្រចាំថ្ងៃ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត៕