ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជូនដល់ភាគីចិនសម្រាប់ប្រើប្រាស់ទប់ស្កាត់គ្រោះទឹកជំនន់

51

ភ្នំពេញ៖ នាថ្ងៃទី២៤ខែមិថុនា តបតាមការណាត់ជួប ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ លោក Shi Weiwei ប្រធាន​ការិយាល័យ​នយោបាយ​នៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងកិច្ចជំនួបខាងលើ។

សម្តេចចៅហ្វាវាំង តំណាងឱ្យព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសម្ដែងការសួរសុខទុក្ខអំពីគ្រោះទឹកជំនន់ដែលកើតឡើងនៅតំបន់ខាងត្បូងនៃប្រទេសចិននាពេលថ្មីៗនេះ និងព្រមទាំងបានប្រគល់នូវព្រះរាជទ្រព្យដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងទ្វេសម្រាប់ប្រើប្រាស់នៅតំបន់គ្រោះទឹកជំនន់ខាងលើ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា នៅពេលប្រទេសចិនជួបបញ្ហាគ្រោះធម្មជាតិ ព្រះអង្គទាំងទ្វេតែងសព្វព្រះទ័យប្រោសព្រះរាជទាននូវជំនួយដ៏ថ្លៃថ្លាជូនដល់ភាគីចិនជាច្រើនដងច្រើនសា បានឆ្លុះបញ្ចាំងពីមនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​រវាងព្រះអង្គទាំងទ្វេនិងរាជវង្សកម្ពុជា ជូនចំពោះប្រជាជនចិន និងបានបង្ហាញពីភាពជិតស្និទ្ធពិសេសនៃទំនាក់ទំនងរវាងចិននិងកម្ពុជា។ ឯកឧត្ដមបានតាងនាមឱ្យប្រជាជននៅតំបន់គ្រោះមហន្តរាយខាងលើ ថ្លែងអំណរព្រះគុណព្រះអង្គទាំងទ្វេដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាជូនដល់ភាគីចិន ឯកឧត្តមនឹងប្រគល់ព្រះរាជទ្រព្យខាងលើទៅកាន់តំបន់ដែលកើតគ្រោះធម្មជាតិក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង