ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កោតសរសើរទំនាក់ទំនងកម្ពុជា-ទួកគី

152

 

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន វាយតម្លៃខ្ពស់ចំពោះការវិវត្តនៅ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងទួកគី និងបានកោតសរសើរការរួម ចំណែករបស់ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតទួកគី ដល់ការរីកចំរើននៃទំនាក់ទំនងនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងអំឡុងពេលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានទទួលមេដាយ សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាគ្រឿងឥស្សរិយយស ខ្ពស់បំផុតសម្រាប់ឥស្សរជនបរទេស។ លោកជំទាវឯកអគ្គរាជទូត Ayda Ünlü បានសម្តែងនូវសេចក្ដី សោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ និង ប្រកបដោយជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសតួកគី កាលពី ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលដំណើរទស្សនកិច្ចនេះ បានកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ការ ពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងផងដែរអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ ឯក ឧត្តមទៅកាន់ប្រទេសតួកគីកាលពីខែកុម្ភៈឆ្នាំនេះ និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះការ ជួបជុំគ្នានាពេលនោះរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការ លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការសម្ភោធស្ថានឯកអគ្គរាជទូត កម្ពុជានៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំនាក់ទំនង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួគីសម្រាប់ជំនួយ អភិវឌ្ឍន៍ដែលបានផ្ដល់ដល់ប្រទេសកម្ពុជា រួមទាំងគម្រោងសាងសង់លំនៅដ្ឋាននៅស្រុកស្អាង ខេត្ត កណ្តាល។ លោកជំទាវឯកអគ្គរដ្ឋទូត Ayda Ünlü បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រីថា ឯកអគ្គរដ្ឋទូតថ្មីនឹងបន្តជំនួយសម្រាប់គម្រោងនានា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង