ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញថៃ មកជួយវាស់កាត់រទេះ កម្រិតស្ដង់ដា សម្រាប់កីឡាជនពិការ

159

ភ្នំពេញ៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអញ្ជើញអ្នកជំនាញផ្នែករទេះ ពីប្រទេសថៃ មកវាស់ និងកាត់រទេះកម្រិតស្តង់ដាជូនអត្តពលិកប្រណាំងរទេះ និងកីឡាបាល់បោះជិះរទេះកម្ពុជាដើម្បីត្រៀមខ្លួនឲ្យកាន់តែមានគុណភាពសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូនេស៊ីដែលកាន់តែខិតកៀកមកជិតដល់។

កីឡាជនពិការសក្តានុពល២ប្រភេទគឺអត្តពលិកប្រណាំងរទេះនិងកីឡាបាល់បោះជិះរទេះទទួលបានការវាស់និងកាត់រទេះថ្មីសម្រាប់ត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុង សូឡូ ប្រទេសឥណ្ឌូណេស៊ី។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថាចំពោះការត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រភេទកីឡានីមួយៗជាពិសេសកីឡាសក្តានុពល ក្នុងការដណ្តើមមេដាយជូនជាតិ ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ ។
រទេះដែលផ្តល់ជូននេះសុទ្ធសឹងជាអត្តពលិកត្រៀមដណ្តើមមេដាយជូនកម្ពុជានាទីក្រុងសូឡូខាងមុខនេះ ហើយក៏ក្លាយជាទុនមួយបន្តត្រៀមប្រកួត ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
ឯកឧត្តមអគ្គលេខាធិការ បន្តថា រទេះដែលកម្ពុជាត្រូវការប្រហែលជាង៤០គ្រឿង ដោយទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងមិត្តថៃ ដែលមានបំណងជួយឧបត្ថម្ភខ្លះ ដោយសាររទេះកីឡាករជនពិការ ដូចជា វ៉ាន វុន ធ្លាប់ឈ្នះមេដាយមានសភាពចាស់ពុកនិងបាក់ដែលផ្សារមិនជាប់ធ្វើឲ្យកីឡាករពិបាកក្នុងការហ្វឹកហាត់ និងប្រកួត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងធ្វើចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយមាន១៤ប្រភេទកីឡា និងមានអត្តពលិក ប្រតិភូ គ្រូបង្វឹក បណ្តាប្រទេសក្នុងតំបន់ជាង ២០០០នាក់ចូលរួម ខណៈកម្ពុជាបានត្រៀម១១ប្រភេទកីឡា និងអត្តពលិក ប្រតិភូសរុប ១៥៤នាក់ និងប្រតិភូ CAMSOC មួយចំនួនទៀត ដែលសិក្សាយកបទពិសោធន៍ ពីការរៀបចំ ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង