អគ្គលេខាធិការ CAMSOC ផ្ដល់យន្ដការសំខាន់ៗ ដល់កីឡាបាល់បោះរទេះជនពិការ
ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)បានផ្ដល់នូវយន្ដការសំខាន់ៗដល់សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជាដើម្បីជំរុញការរៀបចំនិងការអភិវឌ្ឍត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។
នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជានិងការបង្ហាញក្រុមកីឡាករ កីឡាការិនីជនពិការបាល់បោះរទេះជម្រើសជាតិកម្ពុជាសម្រាប់ត្រៀមការប្រកួត
កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល Prince Holding Group នៅព្រឹកថ្ងៃទី២៧ ខែមិថុនានម្សិលម៉ិញនេះ ក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសអាជ្ញាធរមីនបន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ដ្រីសម្រេចចិត្តចូលរួម
ដឹកនាំ និងធ្វើជាប្រធានសហព័ន្ធនេះ។
ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងនូវការអបអរសាទរចំពោះការស្ម័គ្រចិត្តចូលរួមចំណែក និងដឹកនាំសហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ ពិសេសការប្ដេជ្ញាចិត្តជំរុញការអភិវឌ្ឍ ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានត្រៀមកីឡាប៉ារ៉ាឡាំពិក ឬកីឡាជនពិការចំនួន ១២ប្រភេទ ក្នុងនោះក៏មានប្រភេទកីឡាជាក្រុម គឺកីឡាបាល់បោះរទេះជនពិការនេះដែរ។
ក្នុងយុទ្ធនាការនៃការត្រៀមរៀបចំរបស់សហព័ន្ធខាងលើនេះដែរឯកឧត្តមបានផ្ដល់នូវយន្ដការសម្រាប់ធ្វើការរៀបចំ ដែលសហព័ន្ធត្រូវទទួលខុសត្រូវលើតួនាទី ២សំខាន់ៗ រួមមាន៖
ទី១៖សហព័ន្ធត្រូវទទួលខុសត្រូវក្នុងការរួមចំណែករៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យបានជោគជ័យ មានន័យថា ការរៀបចំការប្រកួតស្ថិតនៅលើសហព័ន្ធ។ ដូច្នេះ សហព័ន្ធត្រូវមានធនធានមនុស្សគ្រប់គ្រាន់ និងមានលក្ខណសម្បត្តិជំនាញគ្រប់គ្រាន់ ដើម្បីជួយរៀបចំការប្រកួត មានតាំងពីអាជ្ញាកណ្ដាល ចៅក្រម មន្ដ្រីបច្ចេកទេសផ្សេងៗ ដើម្បីចូលរួមជាមួយ ហើយបើខ្វះខាត ត្រូវសហការជាមួយសហព័ន្ធបាល់បោះកម្ពុជា ដើម្បីរួមគ្នាធ្វើឲ្យការប្រកួតនេះ ប្រព្រឹត្តិទៅដោយជោគជ័យ។
ទី២៖ការអភិវឌ្ឍកីឡាករ-កីឡាការិនីជនពិការ ទាំងបុរស និងនារី (បើសិនជាមាន) ដោយត្រូវលើកកម្ពស់ការអភិវឌ្ឍបច្ចេកទេស មានន័យថា ធ្វើយ៉ាងណាឲ្យកីឡាករ-កីឡារិនីជាតិរបស់យើង ក្នុងនាមម្ចាស់ផ្ទះ ត្រូវតែមានឧត្ដមភាពមួយច្បាស់លាស់ ហើយអាចឈានទៅរកជ័យលាភីបាន ក្នុងកិត្តិយសជាម្ចាស់ផ្ទះរបស់យើង។
ឯកឧត្តមបានពន្យល់ថាក្នុងនាមម្ចាស់ផ្ទះត្រូវមានកម្រិតបច្ចេកទេសមួយដែលទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមហាជន ពិសេសផ្ដល់ការលើកទឹកចិត្តដល់ជនពិការទាំងអស់។ រឿងចាញ់-ឈ្នះ ជារឿងធម្មតាក្នុងកីឡា។
ក្នុងការប្រកួត គ្មាននរណាណាចង់ចាញ់ទេ។ ហេតុនេះ ក្នុងនាមម្ចាស់ផ្ទះ ត្រូវមានសមត្ថភាពរៀបចំការប្រកួតឲ្យបានល្អនិងទទួលភ្ញៀវឲ្យបានល្អស្របតាមស្ដង់ដារកីឡា គោរពបទបញ្ជាការប្រកួត ដើម្បីស្វែងរកឧត្តមភាពក្នុងការប្រកួតប្រជែងរបស់ខ្លួន។
ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នឹងពិនិត្យមើលលទ្ធភាព ដើម្បីជួយដល់ការរៀបចំ និងការអភិវឌ្ឍកីឡាករ-កីឡាការិនី ដល់សហព័ន្ធកីឡាជាតិ ពិសេសកីឡាជនពិការ ស្របតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕