គំនិតឡឺកឺ ៖ មេអំបៅ និង ចង្រិត
ភ្នំពេញ ៖ នៅសុខមិនសុខលើករឿងសត្វមកនិយាយលែងនេះបានចំជាឡឺកឺមែនទែនហើយខ្ញុំ
តាមពិតមិនចង់និទានពីរឿងសត្វអ្វីទេខ្លាចគេដៀលថាអាចោលម្សៀតអស់រឿងមនុស្សនិយាយ
បែរជាទៅនិយាយដើមសត្វឯណាឆ្កុយ។
សម្លេងតន្ត្រី រួមជាមួយសម្លេងហ៊ោរកញ្ជ្រៀវ អមដោយសម្លេងគោះកែវស្រាបានបង្កជា
ការរំខានដល់សត្វចង្រិតដែលបន្ទាប់ពីខំរកស៊ីពេញមួយយប់នឹកសង្ឃឹមថាពេលថ្ងៃខ្លួននឹងបានសម្រាកសងឲ្យស្រួលខ្លួនហើយបែរជារំខានដោយភាពខ្ញៀវខ្ញារបែបនេះទៅវិញ ។
ដោយទ្រាំមិនបានសត្វចង្រិតក៏ចេញពីរន្ធមកអើតមើលស្រាប់តែឃើញសុទ្ធសត្វមេអំបៅមូុហ្វូងកំពុងតែសប្បាយជាមួយតន្រ្តី ជុំវិញផ្កាដែលកំពុងរីក ខ្លះស្រវឹងឡើងដាបទៅហើយ ឯខ្លះទៀតក្អួតដាក់លម្អងផ្កាគួរឲ្យស្ដាយ ។មេអំបៅនីមួយៗសុទ្ធលម្អទៅដោយសម្លៀកបំពាក់ចម្រុះពណ៌ស្អាតអស់ទាស់ ។
ឃើញបែបនេះចង្រិតក៏បែកគំនិតចង់សប្បាយដែរក៏បង្ហើរសំនៀងមួយបទពីមាត់រន្ធទៅ
តែគ្មាននរណាចាប់អារម្មណ៍ឡើយគឺមានតែភាពចំអកពីសត្វចង្រិតប៉ុណ្ណោះ ។ស្ថិតក្នុងស្ថាន
ភាពមាក់ងាយបែបនេះចង្រិតក៏ងាកមើលមកខ្លួនឯងហើយពោលថា” ឧិ ! អញចង្រិត រូបខ្មៅ
ក្រងឹត អាក្រក់ក្រៃលែង យករន្ធក្នុងដី ជាផ្ទះសម្បែង កម្មអីព្រឹងឯង កើតជាសត្វអន់ “ ។
រំពេចនោះស្រាប់លេចចេញក្មេងមួយហ្វូងដែលភ្លាមៗនោះក្រុមក្មេងទាំងនោះក៏ទាក់
យកសត្វមេអំបៅទៅទាំងអស់ ។ក្មេងៗទាំងនោះថែមទាំងពោលថាអាសត្វមេអំបៅកើតមកពី
ដង្កូវសោះស្អាតអ្វីយ៉ាងនេះ ហើយសប្បាយអីយ៉ាងនេះពិតជាឆាប់ភ្លេចកំណើតមែន ។
មេអំបៅទីបំផុតត្រូវក្ស័យសង្ខារក្រោមស្នាដៃក្មេងៗទាំងនោះអស់ទៅ ។ចង្រិតក៏គិតថា
ជីវិតសត្វលោកគឺបែបនេះហ្ន កុំច្រណែនគេឬតូចចិត្តខ្លួនឯងដោយសារតែរូបសម្ផស្សពីធម្ម
ជាតិរបស់ខ្លួនធ្វើអ្វី ។កំពុងតែស្លុងគំនិតក្នុងាការគិតសត្វចង្រិតក៏ត្រូវក្មេងចាប់យកទៅញិច
ក្ដិតញាត់សណ្ដែកដីបំពងដែរទៅ ។
ជាមនុស្សត្រូវចេះគិតពីស្ថានភាពទាំងអស់នេះ ។ការចាប់កំណើតមកគ្មាននរណាយក
អ្វីមកជាមួយទេហើយស្លាប់ទៅវិញក៏ទទេដែរ។ហេតុនេះក្នុងអម្លុងពេលដែលមានជីវិតត្រូវតែធ្វើរឿងល្អៗកុំមាក់ងាយដល់អ្នកដែលមានរូបអាក្រក់ ។ចង្រិតរូបអាក្រក់មែនតែស្លាប់ទៅគេស៊ីជាអាហារ ឬ ក៏ក្លែមស្រាដែរគឺគ្រាន់បើជាងចង្រិតដែលស្លាប់ទៅជាអាសារអត់ការ ។
ត្រូវត្រេកត្រអាលជាមួយអ្វីដែលយើងមាន កុំច្រណែនជាមួយនឹងភាពហ៊ឺហាររបស់អ្នក
ដទៃនោះជីវិតមិនមានសេចក្ដីសុខឡើយជឿនាយឡឺកឺទៅគង់តែអស់ស្រូវពូជទេ ៕