ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី អំពាវនាវភ្នាក់ងារសន្ដិសុខឯកជន រាយការណ៍អំពីបទល្មើសផ្សេងៗ នៅតាមគោលដៅឈរជើងជូនសមត្ថកិច្ច

48

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិុសុខឯកជន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីបទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿងញៀន នៅតាមគោលដៅដែលខ្លួនឈរជើងជូនសមត្ថកិច្ចមូលដ្ឋាន ខណៈសេចក្ដីរាយការណ៍នេះ ត្រូវរក្សាការសម្ងាត់ជានិច្ច។

ក្នុងឱកាសអញ្ជើញ ពិធីបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន លើកទី៣៨ នៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជន ដែលឈរជើងនៅតាមបណ្តាបុរី ខុនដូរ អាផាមិន សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លឹបកម្សាន្ដ រាយការណ៍ពីបទល្មើស គ្រឿងញៀន បទល្មើសចាប់ជំរិតទារប្រាក់ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតជូនសមត្ថកិច្ចមូលដ្ឋាន»

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេស ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវិដ១៩ តាមបណ្តាលគោលដៅសំខាន់ៗ កន្លងមក។

លោកបន្ដថា វិស័យសន្តិសុខឯកជនមានសារៈសំខាន់ ដែលមិនអាចកាត់ផ្តាច់បាន វិស័យសន្តិសុខឯកជនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ។

ហេតុដូច្នេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ទៀតថា នេះជាលើកទី៣៨ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។

នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជ មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង